ព័ត៌មានទាន់ហេតុការណ៍៖

ឆក់មិនបានសម្រេចជិះម៉ូតូរត់ជ្រុលបុកឃឿនផ្លូវដួលត្រូវនគរបាលឃាត់បានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ តែមិនបានសម្រេច ហើយព្យាយាមជិះម៉ូតូគេចពីប្រជាពលរដ្ឋនៅចំណុចមុខណាហ្គា​ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រហូតមកដល់ចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី​ តាមបណ្តោយផ្លូវ៤៣០​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន​ក៏ជ្រុលបុកឃឿងផ្លូវបណ្តាលឲ្យដួលហើយត្រូវនគរបាលឃាត់បានម្នាក់ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០១៨ ។

ជនសង្ស័យឈ្មោះសៀក​ សំណាង​ ភេទប្រុស អាយុ២៧​ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តា​មសាក្សីពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងល្បាតក្នុងមូលដ្ឋានតាមដងផ្លូវលេខ៤៣០​ នៅខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ស្រាប់តែឃើញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ស៊េរី ឆ្នាំ២០១០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1CS 5088 ក្នុងល្បឿនលឿន មកជ្រុលបុកឃឿនផ្លូវបណ្តាលឲ្យដួលហើយភ្លាមនោះ ជនសង្ស័យម្នាក់បានរត់ផ្លោះរបងមន្ទីរពេទ្យ គេចខ្លួនបាត់ ទើបមានការសង្ស័យឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្តង។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលបានស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យខាងបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ តាមដងផ្លូវជិតណាហ្គា តែមិនបានសម្រេចត្រូវបានប្រជាពលរដ្ឋដេញរហូតមកដល់ក្រោយមន្ទីរពេទ្យរុស្ស៊ី ទើបជ្រុលបុកឃឿនដួលតែម្តង។ ចំណែកជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ ដោយសារតែមិនមានបាត់បង់ទ្រព្យសម្បត្តិហើយក៏បន្តដំណើរទៅមុខបាត់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក រង់ចាំកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំការមនរងចាំចាត់ការបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖