ព័ត៌មានទាន់ហេតុការណ៍៖

ឆែកឆេរក្នុងរថយន្តរកឃើញថ្នាំញៀន១កញ្ចប់បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យដឹង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានឆែកឆេរនៅក្នុងរថយន្តជិះដោយបុរស២នាក់ហើយបានរក ឃើញរក្សាទុកថ្នាំញៀនចំនួន១កញ្ចប់តូច ឃាត់យកទៅសួរនាំកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៦៣ ត្រង់ចំណុចខាងត្បូងផ្សារធំថ្មី ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។

មន្រី្តកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី.ឈ្មោះ កាំង យ៉ុងឆាំង ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ជាម្ចាស់រថយន្ត និងជាម្ចាស់ថ្នាំញៀន និងទី២.ឈ្មោះ ប៉ុន កុកឆាយ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីខាងលើបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងកំពុងជិះម៉ូតូល្បាត ហើយបានប្រទះឃើញរថយន្ត១គ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0484 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ដោយសារមានប្រជាពលរដ្ឋរាយការណ៍ថា រថយន្តខាងលើនេះ ជាមុខសញ្ញាចែកចាយថ្នាំញៀន ទើបកម្លាំងជិះម៉ូតូកាក់រថយន្តឲ្យឈប់ ដើម្បីត្រួតពិនិត្យ និងឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួន១កញ្ចប់ យកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញតែម្តង។

ក្រោយមកជនសង្ស័យ ទាំង២នាក់បានឆ្លើយសារភាពថា ថ្នាំញៀនខាងលើនេះ ពិតជារបស់ពួកគេមែន ហើយពួកគេមិនមែនជាអ្នកចែកចាយនោះទេ គ្រាន់តែទិញយកទៅប្រើប្រាស់តែប៉ុណ្ណោះ ។ បន្ទាប់មកក៏ ជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកសាងសុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ ប្រាថ្នា


ចែករំលែក៖