ព័ត៌មានទាន់ហេតុការណ៍៖

ឆែកឆេរផ្ទះជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ដកហូតថ្នាំញៀន៦កញ្ចប់ធំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិ ត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួនដល់ក្នុងផ្ទះ ដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់ធំ។

សកម្មភាពបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីម៉ោង៤និង៣០នាទីរសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងក្រឹម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះសុខ សុផល ហៅវៃ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលឈានដល់បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន១ករណីនេះ សមត្ថកិច្ច ទទួលបានព៌័តមានសម្ងាត់ពីប្រជាពលរដ្ឋល្អក្នុងភូមិ បានរាយការណ៍ប្រាប់សមត្ថកិច្ច អំពីសកម្មភាព និងទីតាំងចែកចាយគ្រឿងញៀន។ ក្រោយពីទទួលបានព័ត៌មាននេះ ភ្លាមសមត្ថកិច្ច បានចុះឡោមព័ទ្ឋ និងឆែកឆេរផ្ទះជនសង្ស័យ រកឃើញម្សៅពណ៌សប្រភេទថ្នាំញៀន ចំនួន៦កញ្ចប់ធំ និងទូរស័ព្ទស៊េរីចាស់១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងគ្រឿងញៀន សមត្ថកិច្ច នាំមកកាន់អធិការដ្ឋានស្រុកឧដុង្គ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនឡើងតុលាការ ចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ


ចែករំលែក៖