ព័ត៌មានទាន់ហេតុការណ៍៖

ឆ្កិះសោរថយន្តបម្រុងលួចសម្ភារៈ ម្ចាស់ដេកក្នុងរថយន្តដឹងចេញមកប្រតាយប្រតប់របួសធ្ងន់

ចែករំលែក៖

ខេត្តតាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកត្រាំកក់ឃាត់ខ្លួន ពាក់ព័ន្ធនឹង​ករណីប៉ុនប៉ងលួច និងប្រើអំពើហិង្សាដោយចេតនា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃចន្ទ ២ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩ នៅចំណុចផ្ទះឈ្មោះ កែវ នី ភេទស្រី អាយុ​៥៨ឆ្នាំ នៅភូមិតាសូ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

មន្ត្រីនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទួន ម៉ៅ ភេទប្រុស អាយុ​៣២ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំតាភេម ស្រុកត្រាំកក់ បានចូលរកលួចគាស់សម្ភារ:ក្នុងរថយន្ត របស់ឈ្មោះ ទឹម ចន្ថា ភេទប្រុស អាយុ​៣៥ឆ្នាំ នៅភូមិតាសូ ឃុំតាភេម ស្រុកត្រាំកក់ ដែល​កំពុង​ដេកក្នុងរថយន្ត។ពេលនោះម្ចាស់រថយន្តក៏ភ្ញាក់ដឹងខ្លួនទាន់ហើយបានស្រែកថាចោរៗ រួចបានចេញពីក្នុងរថយន្តមកប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ ហើយជនង្ស័យបានបាញ់​ចម្ពាមនិងបានដកកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះបណ្ដាលឲ្យត្រូវដៃទាំងសងខាង រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តភ្លាមៗ។ចំណែកឯជនសង្ស័យក៏ត្រូវបានប្រជាពលរដ្ឋក្នុងភូមិដេញចាប់បានប្រគល់ជូនសមត្ថកិច្ចកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

ប្រភពដដែលនោះបានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចរឹបអូស យកសម្ភារៈឆ្កិះសោរថយន្តមួយចំនួននិងទូរស័ព្ទដៃអិនចុចពឹលមួយគ្រឿង ទុកជាភស្តុតាងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សហការី​


ចែករំលែក៖