ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៦ មានអ្នកស្លាប់ដោយសារអេដស៍លើពីភពលោកថយចុះពាក់កណ្តាល

ចែករំលែក៖

បច្ចុប្បន្នការស្លាប់ដោយសារជំងឺ អេដស៍ បានថយចុះគួរឲ្យគត់សម្គាល់ ដោយសារតែពលរដ្ឋ មាន ការយលដឹង នឹងបង្ការពីការឆ្លងរាលដាលនៃ វីរុស្ស HIV បានយ៉ាងល្អបំផុត ។ មួយវិញទៀត អ្នកដែលបានផ្ទុក មិនអៀនខ្មាស ហានលាតត្រដាងដើម្បី ជួយដល់អ្នកក្រោយកំឲ្យឆ្លងរាលដាល។ ទាំងនោះគឺជាជោគជ័យមួយដ៏ធំក្នុងការ បង្ការជំងឺអេដស៍ ឆ្លងរាលដាល ។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានប្រកាសនៅក្នុងសន្និសីទអន្តរជាតិស្តី ពីជំងឺអេដស៍ បើកធ្វើ នៅទីក្រុងប៉ារីសប្រទេសបារំាងថា ជំងឺអេដស៍បានសម្លាប់មនុស្ស ប្រមាណ ១លាននាក់ នៅឆ្នាំ ២០១៦។ ចំនួននេះបានថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងឆ្នាំ ២០០៥ ឆ្នាំ ដែលចំនួនមនុស្សស្លាប់ ដោយសារជំងឺអេដស៍ បានកើនឡើងដល់កម្រិតកំពូល។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញតួលេខគួរឲ្យលើកទឹកចិត្ត ស្តីពីតុល្យការនៃជំងឺអេដស៍ នៅក្នុងពិភពលោក។ តាមរបាយការណ៍ ក្នុងរវាង១១ឆ្នាំ ចំនួនមនុស្សស្លាប់ដោយសារជំងឺអេដស៍បានថយចុះជាងពាក់កណ្តាល ពីចំនួន ១លាន ៩សែននាក់ នៅឆ្នាំ ២០០៥ មកនៅ១លាននាក់ នៅឆ្នាំ ២០១៦។ នៅឆ្នាំ ២០១៦ ចំនួន មនុស្សឆ្លងថ្មី ក៏ថយចុះពាក់កណ្តាល ដែរ ក្នុងពេលដែលអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ១៩លាន ៥សែននាក់ (ជាងពាក់កណ្តាលនៃចំនួនអ្នកកើតជំងឺអេដស៍សរុប បានទទួលការព្យាបាល។

តាមអ្នកសរសេររបាយការណ៍របស់អង្គការសហប្រជាជាតិ ឆ្នាំ ២០១៦ ជាឆ្នាំលើកដំបូងគេ ដែលពាក់កណ្តាលនៃចំនួនអ្នកជំងឺអេដស៍ បានទទួលការព្យាបាល បានប្រើប្រាស់ថ្នាំពន្យារជីវិត។ ហើយនេះជាលើកទី១ ដែល ចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍បានធ្លាក់ថយចុះ មកនៅត្រឹម ១លាននាក់។ ការវិវឌ្ឍជាវិជ្ជមាន កើតមានច្រើន នៅតំបន់ភាគខាងកើត និងខាងត្បូង អាហ្រ្វិក ជាទីដែលមានអ្នកផ្ទុក មេរោគអេដស៍ច្រើនជាងគេ នៅក្នុងពិភពលោក។ យ៉ាងណាក៏ដោយ អ្នកសរសេររបាយការណ៍នៅតែបារម្ភច្រើនពីតំបន់ភាគខាងជើង អាហ្វ្រិក ហើយនិងតំបន់អឺរ៉ុបខាងកើត អាស៊ីកណ្តាល ដែលកំពុងត្រាំត្រែងដោយសារអស្ថិរភាពនយោបាយ ហើយនិងជម្លោះប្រដាប់អាវុធ។ គេរកឃើញថា ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៦ ចំនួនមនុស្សស្លាប់ដោយសារជំងឺអេដស៍ បានកើនឡើង ប្រមាណ ១ភាគ៣ នៅតំបន់អឺរ៉ុបខាងកើត ហើយនិងនៅអាស៊ីកណ្តាល។

ជារួម ចាប់តាំងពីមានការលេច រាតត្បាតនៃមេរោគអេដស៍ នៅទសវត្សរ៍ ឆ្នាំ ១៩៨០ ជំងឺអេដស៍ បានសម្លាប់មនុស្ស៣៥លាននាក់។ មនុស្សប្រមាណ ៧៦លាននាក់ នៅលើភពផែនដី បានឆ្លងមេរោគអេដស៍។ នៅក្នុងចំណោមនោះ មានជាង២លាននាក់ ជាកុមារ ដែលមានអាយុតិចជាង ១៥ឆ្នាំ។ ប៉ុន្តែ តាមអង្គការ UNAIDS មានតែ៤៣ភាគរយ ប៉ុណ្ណោះ នៃកុមារដែលឆ្លងមេរោគអេដស៍ ដែលទទួលបានការព្យាបាល។

រហូតមកដល់ពេលនេះ គេនៅមិនទាន់រកឃើញវ៉ាក់សាំង ឬថ្នាំសម្រាប់ព្យាបាលជំងឺអេដស៍បាននៅឡើយទេ។ ការព្យាបាលពឹងអាស្រ័យតែទៅលើថ្នាំ ពន្យារជីវិត ដែលអាចជួយ អ្នកឆ្លងមេរោគអេដស៍ កុំធ្លាក់ខ្លួនឈឺ ស្លាប់ដោយសារជំងឺផ្សេងៗទៀត ដូចជាមហារីក ឬជំងឺរបេងជាដើម៕ ម៉ែវ សាធី


ចែករំលែក៖