ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០១៨ មានអាកាសធាតុក្តៅដូចឬខ្លាំងជាង៣ឆ្នាំមុន

ចែករំលែក៖

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលបានប្រកាសកាលពីថ្ងៃទី២២ខែមីនា បានឲ្យដឹងថា រយៈពេល៣ឆ្នាំចុងក្រោយនេះអាកាសធាតុក្តៅខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ហើយនៅឆ្នាំ២០១៨នេះ អាកាស ធាតុ អាចនឹងក្តៅខ្លាំងជាង៣ឆ្នាំមុននេះទៀតផង។

កម្តៅខ្លាំង បានធ្វើឲ្យផ្ទាំងទឹកកក ដែល មានទំហំ ស្មើនឹងប្រទេសបារាំង ក្នុងតំបន់ សមុទ្រទឹកកក កាត់ផ្តាច់ចេញពីគ្នា ហើយ អាច រំកិលខ្លួនចូលទៅសមុទ្របង្កឲ្យមាន ទឹកសមុទ្រកើនឡើង ។

តាមការចេញផ្សាយដោយសារព័ត៌ មាន Channel News Asia នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨នេះ ថា អាកាសធាតុក្ដៅជាប់កំណត់ត្រាកាលពីបីឆ្នាំមុន និងរលក កម្ដៅនៅក្នុងប្រទេស អូស្ត្រាលី រួមទាំងការរលាយផ្ទាំងទឹកកក អាក់ទិក និងកង្វះខាតទឹកនៅអាហ្វ្រិកខាងត្បូង បាននិងកំពុងធ្វើឱ្យ អាកាសធាតុក្នុង ឆ្នាំ២០១៨ នេះកាន់តែអាក្រក់ឡើង។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ របស់ អង្គការឧតុនិយមអន្តរជាតិ (WMO) ព្យុះ ហឺរីខិន និងទឹកជំនន់មូសុងនៅក្នុងប្រទេសឥណ្ឌា បានចូលរួមចំណែកធ្វើឲ្យបរិយា កាស និងអាកាសធាតុកាលពីឆ្នាំ២០១៧ ស្ថិតនៅក្នុងសភាពដ៏អាក្រក់បំផុត។ WMO បានបញ្ជាក់ បន្ថែមយ៉ាងដូច្នេះថា «ការ ចាប់ផ្ដើមឆ្នាំ២០១៨ បម្រែបម្រួលអាកាស ធាតុ បានផ្ដាច់យកអាយុជីវិតមនុស្ស និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន…។

មិនតែប៉ុណ្ណោះក្នុងឆ្នាំដដែលនេះ អូស្ត្រាលី និងអាហ្សង់ទីន បានរងផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរ ដោយសាររលកកម្ដៅ ដែលកំពុងបន្តកើតមានផងដែរ នៅក្នុង ប្រទេសកេនយ៉ា សូម៉ាលី ព្រមទាំងទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង ជាមួយកង្វះទឹកប្រើប្រាស់គួរឱ្យព្រួយបារម្ភ»។ វាជាគ្រោះមហន្តរាយជារួមសម្រាប់ភពផែនដី ក៏ព្រោះតែការកាប់បំផ្លាញព្រៃឈើ ការ រីកចម្រើនឧស្សាហកម្មធំៗដែលបំពុល បរិស្ថាន កាន់តែខ្លាំង និងកំណើនមនុស្ស លោកជាដើម។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនធានារ៉ាប់រងអាល្លឺម៉ង់ Munich Re បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានបង្កការខូច ខាតគិតជាទឹកប្រាក់ ជាង ៣២០ពាន់លាន ដុល្លារកាលពីឆ្នាំ២០១៧ បើទោះជាបណ្ដា ប្រទេសជាង ២០០បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងគោលដៅទប់ស្កាត់បម្រែបម្រួលអាកាសធាតុ កាលពី ឆ្នាំ២០១៥ក៏ដោយ។

ការប្រែប្រួលអាកាសធាតុ បង្កឲ្យមាន គ្រោះធម្មជាតិ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ជាហេតុធ្វើឲ្យមនុស្សលោកជាច្រើនត្រូវធ្វើចំណាកស្រុក ទៅកាន់តំបន់ដែលអាច ប្រកបរបរអាជីវកម្មបាន។ តាមរបាយ ការណ៍របស់ អង្គការសហប្រជាជាតិបាន បញ្ជាក់ថានៅឆ្នាំ២០៥០ នឹងមានជន ភៀសខ្លួន រហូតដល់ទៅ១៤៣លាននាក់ ក្លាយជាជនអន្តោប្រវេសន៍ ។

ពីពេលនេះរហូតដល់ឆ្នាំ ២០៥០ចំនួនប្រជាជនដែលត្រូវបង្ខំចិត្តភៀសខ្លួន ធ្វើ អន្តោប្រវេសន៍ ដោយសារបញ្ហាអាកាស ធាតុ នឹងកើនឡើង រហូតដល់ចំនួន ១៤៣ លាននាក់ នៅទូទាំងពិភពលោក។ តាម របាយ ការណ៍របស់ធនាគារពិភពលោក ចេញផ្សាយ នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែមីនា ចំនួនជនអន្តោប្រវេសន៍ដោយសារកត្តាប្រែប្រួលអាកាសធាតុ នឹងទៅបន្ថែមទម្ងន់ពីលើវិបត្តិជនភៀសខ្លួនដោយសារសង្រ្គាម ឬជនអន្តោប្រវេសន៍សេដ្ឋកិច្ច ដែលពិភពលោកកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

អ្នកដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះ សម្បែង ស្រុកកំណើត ដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ឬការខ្វះខាតទឹក ប្រើប្រាស់ ជាដើម ត្រូវបានចាត់ចូលជាជនអន្តោប្រវេសន៍ ដោយសារបញ្ហាអាកាស ធាតុ។ តាមរបាយការណ៍របស់ធនាគារ ពិភពលោក ចំនួនជនអន្តោប្រវេសន៍ដោយសារការប្រែប្រួលអាកាសធាតុនឹងកើនឡើង រហូតដល់ ១៤៣លាននាក់ នៅឆ្នាំ ២០៥០ បើសិនជា គេគ្មានចាត់វិធានការអ្វីសោះក្នុងរឿងប្រយុទ្ធប្រឆាំងនឹងការប្រែ ប្រួលអាកាសធាតុ។

នេះជាលើកទី១ ដែលមានគេធ្វើរបាយការណ៍ផ្តោតពិសេសតែទៅលើជនអន្តោប្រវេសន៍ អ្នកដែលផ្លាស់ទី ដោយសារបញ្ហា អាកាសធាតុ។ “ក្នុងមួយថ្ងៃៗ ការប្រែប្រួល អាកាសធាតុ បានក្លាយជាការគំរាមកំហែង សេដ្ឋកិច្ច សង្គម ដែលតម្រូវឲ្យមនុស្សទាំង គ្រួសារ ឬសហគមន៍ ត្រូវចាកចេញពីស្រុក កំណើត ទៅរកទីកន្លែងថ្មី ដែលពួកអាចរស់ នៅបាន។ នេះបើតាមបានបញ្ជាក់របស់ លោកស្រី Kristalina Georgieva អគ្គ នាយិការបស់ធនាគារពិភពលោក ដែល មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន។

ជារួម នៅក្នុងចំណោមប្រជាជន១៤៣ លាននាក់ ដែលនឹងផ្លាស់ទី ធ្វើអន្តោ ប្រវេសន៍ដោយសារបញ្ហាអាកាសធាតុ មាន៨៦លាននាក់ ជាប្រជាជនអាហ្វ្រិកនៅតំបន់សាហារ៉ា៤០លាននាក់ នៅអាស៊ី ខាងត្បូង និង១៧លាននាក់ នៅតំបន់អាមេ រិកឡាទីន។ តាមអ្នកសរសេររបាយការណ៍ របស់ ធនាគារពិភពលោក តំបន់ទាំងបី ខាងលើតំណាងឲ្យ៥៥ភាគរយនៃប្រជា ជនរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

នៅមុនរបាយការណ៍របស់ធនាគារ ពិភពលោក នេះទៅទៀត អង្គការOxfam ធ្លាប់បានវាយតម្លៃថា (នៅក្នុងរយៈពេល ៨ឆ្នាំ) នៅចន្លោះ ឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ មនុស្សប្រមាណ ២១លាននាក់ ក្នុងមួយឆ្នាំៗ បានផ្លាស់ទីកន្លែងរស់នៅ ដោយសារតែបញ្ហាប្រែប្រួលអាកាស ធាតុ។ ចំនួនជនអន្តោប្រវេសន៍ដោយសារបញ្ហាអាកាសធាតុ បានទៅបង្កើនបន្ថែមពីលើចំនួនមនុស្សផ្លាស់ទីរាប់លាននាក់ ដែល បានរត់ភៀសខ្លួន ដោយសារសង្រ្គាម ឬធ្វើ អន្តោប្រវេសន៍ ដោយសារបញ្ហាសង្គម សេដ្ឋកិច្ច។ សម្រាប់អ្នកសរសេររបាយ ការណ៍ ចំនួនមនុស្សផ្លាស់ទី ដោយសារ អាកាសធាតុនេះ នឹងអាចថយចុះ ៨០ភាគ រយ បើសិនអ្នកធ្វើនយោបាយ ចាត់វិធាន ការគ្រប់មុខព្រួញ ដើម្បី កាត់បន្ថយការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឬ វិនិយោគបង្កើត កម្មវិធីអភិវឌ្ឍន៍ បន្ថែមសម្រាប់ឆ្លើយតប ដល់តម្រូវការរបស់ប្រជាជន ដែលរងគ្រោះដោយសារកត្តាប្រែប្រួលអាកាសធាតុ។

គ្មានផែនការសមស្រប និងការគាំទ្រ ច្បាស់លាស់ពីថ្នាក់ដឹកនាំ ប្រជាជនកាន់តែច្រើននឹងធ្វើចំណាកស្រុក ពីខេត្ត ទៅ ប្រមូលផ្តុំ នៅតាមទីក្រុង។ សម្រាប់អ្នក ជំនាញខាងបរិស្ថាន របស់ធនាគារពិភព លោក ការប្រមូលផ្តុំ តែនៅក្នុងទីក្រុង នឹងបង្កឲ្យមានភាពតានតឹង ជម្លោះ ដណ្តើមប្រើប្រាស់ធនធានដែលមានកាន់តែតិចទៅៗ៕ ម៉ែវ សាធី

 

 


ចែករំលែក៖