ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្ដអគ្គិសនីធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងឆេះខូចខាតស្ទើរទាំងស្រុងនៅស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្ដាលៈ ផ្ទះពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យលែបត្របាក់ស្ទើរទាំងស្រុង ដោយសារឆ្លងចរន្ដអគ្គិសនី ។ ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។

មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ផ្ទះត្រូវអគ្គីភ័យឆាបឆេះសង់ពីឈើ ប្រក់ក្បឿង ខាងក្រោមថ្ម ជារបស់ឈ្មោះ ឯម ឈឹម មានទីលំភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ។

ប្រភពដដែលបន្ដ ក្រោយពីកម្លាំងនគរបាលស្រុកល្វាឯមទទួលបានព័ត៌មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ក្នុងភូមិអរិយក្សត្រ ភ្លាមនោះកម្លាំងនគរបាល និងប្រជាពលរដ្ឋជិតខាងបានជួយអន្ដរាគមន៍ និងយករថយន្ដពន្លត់អគ្គិភ័យពន្លត់ ។ ក្នុងហេតុការណ៍នេះដែរ ពុំឆ្លងរាលដាលផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ ។ មូលហេតុនាំឲ្យមានអគ្គិភ័យឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី (ទុស្សេខ្សែភ្លើង) ៕ ស្អាងជ័យ


ចែករំលែក៖