ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះជាន់ទី២ ផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ យ៉ាងសន្ធោសន្ធៅ ដោយបង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍ កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅចំណុចផ្ទះល្វែងមួយកន្លែង​ តាមបណ្តោយផ្លូវលេខ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី២ បន្ទាប់មកក៏ចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង ។ ភ្លាមនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើងផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គិភ័យខាងលើ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២២គ្រឿង​ ដោយប្រើប្រាស់រយះពេល៣ម៉ោង ទើបអាចគ្រប់គ្រង់ស្ថានភាពទាំងស្រុង ។ សមត្ថកិច្ចបានបន្តថា​ ក្នុងការជួយពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងជំនាញពិបាកនឹងអន្តរាគមន៍បន្តិច ដោយសារតែការឆាបឆេះនោះ គឺនៅជាន់ទី២ នៃបន្ទប់ដាក់ឥវ៉ាន់ មានដូចជាចានឆ្នាំង​ ចាន់ដែកជ័រជាដើម ។

សមត្ថកិច្ចបានបន្តទៀតថា​ សម្ភារក្នុងផ្ទះត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង​ ហើយមូលហេតុ ជំះហានដំបូងសន្និដ្ឋានមកពីឆ្លងចរន្តអគ្គិសនី ៕ ភារ៉ា ដង្កោ


ចែករំលែក៖