ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនីក្នុងកាប៊ីនភ្លើងឆេះផ្អើលអ្នកធ្វើដំណើរនៅបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ភ្លើងឆេះយ៉ាងសន្ធោរសន្ធៅនៅបង្គោលកាប៊ីនភ្លើងទល់មុខសាលាបឋមសិក្សាបាវិត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ។ ករណីនេះត្រូវបានពន្លត់ទាន់ពេលមិនរាលដាលដល់ផ្ទះអ្នកភូមិ និងមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថក្រុងបាវិតបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះ គឺបណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី ក្នុងម៉ូប៊ីនភ្លើង បណ្តាលឱ្យមានអណ្តាតភ្លើងឆេះឡើងយ៉ាងខ្លាំងនៅបង្គោលភ្លើង និងតាមខ្សែភ្លើង នៅចំណុចខាងមុខផ្លូវចូលសាលាបឋមសិក្សាបាវិតកណ្តាល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់ និងបានប្រើប្រាស់ឡានទឹក២គ្រឿង គឺឡានទឹករបស់កងរាជអាវុធហត្ថ ១គ្រឿង និងនគរបាល១គ្រឿងជួយបាញ់ទឹកពន្លត់ផងដែរ។

រហូតដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែមិថុនា ភ្លើងបានរលត់ទាំងស្រុង ដោយមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះអ្នកភូមិ និងរងរបួសដល់មនុស្សនោះទេ ដោយមានកិច្ចសហការល្អរបស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ៕ យឹម សុថាន

 


ចែករំលែក៖