ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនីនៅរោងក្រោលគោឆក់ក្មេងប្រុស២នាក់បងប្អូនបង្កើតស្លាប់១នាក់រងបួស១នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្មេងប្រុស២នាក់ ដែលជាបងបង្អូនបង្កើតនឹងគ្នា ត្រូវបានចរន្តអគ្គីសនីឆ្លងតាមដំបូលស័ង្កសី ឆក់ស្លាប់ម្នាក់នៅក្រោលគោ និងម្នាក់ទៀតរងបួសស្រាល ខណៈដែលក្មេងរងគ្រោះបានទៅបើកទ្វារក្រោលគោ ធ្វើអំពីរបងដែកលួសដើម្បីបញ្ចេញគោពីក្នុងក្រោល ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នា២០១៧ នៅភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ ក្រឡ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ត្រី ឆាង វណ្ណឆ័យ អធិការនគរបាលស្រុកគាស់ក្រឡប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់ មានឈ្មោះ ១,អ៊ាត រដ្ឋា ភេទប្រុសអាយុ១៦ឆ្នាំ ជាបងបានស្លាប់ ២, អ៊ាត រិទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ ជាប្អូនបានរងបួសស្រាល ក្មេងរងគ្រោះរស់នៅភូមិ ឃុំកើតហេតុខាងលើ។

លោកអធិការប្រាប់ឲ្យដឹងទៀថា មុនពេលកើតហេតុក្មេងរងគ្រោះជាបងមានឈ្មោះ អ៊ាត រដ្ឋាបានទៅបើកទ្វារក្រោលគោធ្វើអំពីដែកលួសជារបរព័ទ្ធជុំវិញ ខណៈនោះស្រាប់តែគេឃើញក្មេងប្រុសរងគ្រោះរូបនោះដួលលើទ្វារដែកលួសប្រកាច់បាត់ស្មារតីភ្លាមៗនៅកន្លែងកើតហេតុ ឃើញបែបនោះ ប្អូនប្រុស ក៏ទៅចាប់ទាញបងប្រុសចេញ តែត្រូវចរន្តអគ្គីសនីឆក់ថែមទៀត ប៉ុន្តែនៅពេលនោះប្អូនប្រុស ក៏ប្រវេប្រវា ជើងធាក់ និងដី រំដោះខ្លួនចេញបាន ហើយក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ សាច់ញាតិឪពុកម្តាយ នាំគ្នាផ្អើលឆោឡោតែម្តង។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ គឺក្មេងរងគ្រោះឈ្មោះ អ៊ាត រដ្ឋា បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ដោយឡែកក្មេងរងគ្រោះជាប្អូនរងរបួសស្រាល ត្រូវពុកម្តាយហៅពេទ្យក្នុងភូមិមកព្យាបាលព្យួរសេរ៉ូមនៅនឹងផ្ទះ។

សមត្ថកិច្ចត្រួតពិនិត្យរកឃើញខ្សែភ្លើងដាច់រលាត់នៅនឹងដំបូលស័ង្កសី បានឆ្លងទៅប៉ះនឹងរបងដែកលួសទ្វារក្រោលគោ ទើបបណ្តាលឲ្យឆ្លងចរន្តឆក់ក្មេងរងគ្រោះស្លាប់និងរងរបួសបែបនោះ៕ សំ វិច្ឆិកា


ចែករំលែក៖