ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េខាងជើងបណ្តែតខ្លួនលើទូកចូលដល់ប្រទេសជប៉ុន

ចែករំលែក៖

សារព័ត៌មានក្យូដូរបស់ជប៉ុន នៅថ្ងៃទី ២៤ ខែវិច្ឆិកា បានផ្សាយថា កម្លាំងទាហានជើងទឹកប្រទេសនេះបានប្រទះឃើញជនជាតិកូរ៉េខាងជើង៨នាក់ បណ្តែតខ្លួនតាម ទូកតូចមួយ ចូលទៅដល់ភាគអាគ្នេយ៍ ប្រទេសជប៉ុន ។ពេលនេះ កម្លាំងទាហានជប៉ុនមិនទាន់បញ្ជាក់ថា ជាជនភៀសខ្លួន ឬយ៉ាងណានោះទេ។

កម្លាំងទាហានការពារដែនសមុទ្រ ជប៉ុនបានបញ្ជាក់នៅថ្ងៃទី២៤ ខែវិច្ឆិកាថា ទូកដឹកបុរស៨នាក់ដែលជាអ្នកនេសាទ មកពីកូរ៉េខាងជើង បានបណ្ដែតខ្លួននៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសជប៉ុន ។ ប៉ូលិសបានទទួលទូរស័ព្ទពីអ្នករស់នៅក្នុងទីក្រុងYurihonjo នៅម៉ោងប្រហែល ១១ និង ៣០នាទីយប់កាលពីថ្ងៃព្រហស្បតិ៍ អំពីបុរសគួរឲ្យសង្ស័យនៅតាមមាត់សមុទ្រ ហើយ ក្រោយមកពួកគេបានរកឃើញបុរសនៅលើទូកឈើនៅជិតកំពង់ផែចំនួន៨នាក់ខាងលើនេះ។

មន្រ្តីប៉ូលិសបានបញ្ជាក់ថា បុរសទាំងនោះមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ និងហាក់ដូច ជានិយាយភាសាកូរ៉េ ហើយបច្ចុប្បន្នពួកគេកំពុងត្រូវបានគេយកទៅឃុំឃាំង នៅក្នុងប្រទេសជប៉ុន ដើម្បីសួរនាំ ពីចេតនារបស់ពួកគេ ។

តាមការសន្និដ្ឋាន អាចជាជនភៀសខ្លួនកូរ៉េខាងជើងតាមរយៈទូកនេសាទ ចៀសវាងការចាប់បានពីកម្លាំងទាហានជើងទឹកប្រទេសនេះ។

ហេតុការណ៍ខាងលើកើតឡើងក្រោយ ពេលដែល ទាហានកូរ៉េខាងជើងម្នាក់បាន រត់ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយត្រូវទាហានការពារព្រំដែនបាញ់ឲ្យរងរបួសជាទម្ងន់ ប៉ុន្តែពេលនេះបានដឹងខ្លួនវិញហើយក្រោយពីការសង្គ្រោះរបស់គ្រូពេទ្យជំនាញនៃប្រទេសកូរ៉េខាងត្បូង៕ ម៉ែវ សាធី


ចែករំលែក៖