ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េម្នាក់ស្រវឹងស្រាជោក បើករថយន្តបុករ៉ឺម៉កម៉ូតូរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ស្រវឹងស្រាជោក បើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងជ្រុលទៅបុក រ៉ឺម៉កម៉ូតូពីក្រោយត្រង់ចំណុចស្តុបផ្សារដេប៉ូ បណ្តាលឲ្យម្ចាស់រ៉ឺម៉កម៉ូតូផ្លោងទៅបោកនឹងមាត់លូនៅតាមចិញ្ចើមផ្លូវរងរបួសបែកក្បាលធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃ អង្គារ ១រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវ២១៥ កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេយុគេឃើញបុរសជនជាតិកូរ៉េម្នាក់ ស្រវឹងស្រាជោកបើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-0760 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៥ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ស្តុបបែកជាបួនកែងនឹងផ្លូវ១៨២ ក៏បានជ្រុលចង្កូចទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង1I-6956 បើកបរដោយបុរសម្នាក់នៅខាងមុខពេលកំពុងធ្វើដំណើរស្របទិសដៅគ្នាពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូកង់បីផ្លោងទៅបោកនឹងមាត់លូរនៅតាមចិញ្ចើមផ្លូវបែកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៅគ្លីនីកហុង ហាក់ ចំណែកម៉ូតូកង់បីខូចខាតយ៉ាងដំណំ រីឯរថយន្តខូចខាតតិចតួច។ ភ្លាមៗនោះរថយន្តបង្កបម្រុងបើករត់ត្រូវប្រជាពលរដ្ឋឃើញហេតុការនេះបានឃាត់ទាំងរថយន្តនិងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានតែម្តងៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់ម្ចាស់រថយន្តជូនទៅសមត្ថកិច្ចជំនាញ។ ចំណែករថយន្តឬ៉ឺម៉កម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅតក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ ៕ ស តារា


ចែករំលែក៖