ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តទំនើបទៅបុកម៉ូតូពីចំហៀងរងការខូចខាតនិងរបួស សង១០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រី២នាក់ បើករថយន្តស៊េរីទំនើបម៉ាកRANGE ROVER ទៅបុកម៉ូតូហុងដាឌ្រីមពីចំហៀងបណ្ដាលឲ្យម្ចាស់ម៉ូតូផ្លោងទៅលើចិញ្ចើមផ្លូវ ប្រហែល៦ម៉ែត្រ រងរបួសស្រាល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ៤៦៦ កែងនឹងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគឺ យុវជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី2016 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-3907 ធ្វើដំណើតែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ៩៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុផ្លូវលេខ៤៦៦ ស្រាប់តែមានរថយន្តបង្កស៊េរីទំនើបម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1555 ដែលបើកបរដោយជនជាតិចិនប្រុសស្រី២នាក់ បានធ្វើដំណើទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ហើយក៏បុកម៉ូតូរងគ្រោះខាងលើពីចំហៀង ទាំងជាន់ហ្វ្រាំងបង្ខំ បណ្ដាលឲ្យម្ចាស់ម៉ូតូផ្លោងហោះឡើងលើចិញ្ចើមផ្លូវប្រហែល៦ម៉ែត្រ រងរបួសស្រាល ចំណែកម៉ូតូ និងរថយន្តបង្ករងការខូចខាតតិចតួចប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីខាងរថយន្តបង្កជាជនជាតិចិន ទំនាក់ទំនងទៅតំណាងរបស់ខ្លួន ដែលជាជនជាតិខ្មែរ ចុះមកជួយសម្រួល ហើយចុងក្រោយភាគីខាងរថយន្តបង្កព្រមសងថ្លៃខូចខាតខាងម៉ូតូ និងថ្លៃរបួសចំនួន100ដុល្លារ បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ដោយមិនចង់រំខានដល់សមត្ថកិច្ចវាស់វែង ៕ ភារ៉ា ដង្កោ


ចែករំលែក៖