ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាប ដោយជំងឺបេះដូង

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិអាមេរិកាំងម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃមកហើយ ដោយសារ សំពាធឈាមឡើងខ្ពស់ ។

ហេតុការណ៍បានបង្កឲ្យ ភ្ញាក់ផ្អើលកាលពីថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព-ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលជំនាញខេត្តបានទទួលព័ត៌មានពីតំណាងម្ចាស់ផ្ទះជួលថា មានករណីជនបរទេសម្នាក់ស្លាប់ ភ្លាមៗនោះកម្លាំងយើងបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះមានឈ្មោះ RIVERS DEAN STEPHEN ភេទ ប្រុសអាយុ៧១ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦៦០៣៤២៨៤ មុខរបរ ចូលនិវត្តន៍ បានដេកស្លាប់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

លោកបន្តថា តាមការសាក សួរតំណាងម្ចាស់ផ្ទះបានឲ្យដឹងថាដោយមិនឃើញជនរង គ្រោះចេញពីក្នុងបន្ទប់ម្ចាស់ផ្ទះសំណាក់មានការសង្ស័យក៏បានទៅបើកទ្វារបន្ទប់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ ហើយម្ចាស់ផ្ទះក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

លោកបញ្ជាក់ថា ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់រយៈពេលប្រហែលជាបីថ្ងៃមកហើយ ដោយសារជំងឺសម្ពាធឈាមឡើងខ្ពស់បណ្តាលឲ្យស្លាប់ ។

លោកបញ្ជាក់ទៀតថា សពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជាដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ ៕ ប៊ុនរិទ្ធី


ចែករំលែក៖