ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់បើករថយន្ដឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូក៏ត្រូវរថយន្ដមួយគ្រឿងទៀតបើកបរដោយជនជាតិចិនបើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ស្ថិតក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា រថយន្ដបង្កម៉ាក TACOMA ធុនតូច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8519 បើកបរដោយឈ្មោះ Liu shi quan (លាវ ស៊ីឈ័ន) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន សញ្ជាតិចិន បច្ចុប្បន្នស្នាកនៅរាជធានីភ្នំពេញ រីឯជនរងគ្រោះរបួសធ្ងន់ឈ្មោះ ឡាក់ ធា ហៅកាំង ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិ ស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AL-1187 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដបង្កខាងលើ TACOMA បើកបរដោយជនជាតិចិន ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ រថយន្ដបង្កបានបត់ឆ្វេងឆ្លងផ្លូវដោយពុំមើលមុខមើលក្រោយនោះទេ ស្របពេលមានក៏មានម៉ូតូមួយគ្រឿងបើកក្នុងទិសដៅច្រាស់គ្នា ធ្វើឲ្យរថយន្ដឈប់មិនទាន់បានបុកម៉ូតូចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖