ព័ត៌មានទាន់ហេតុការណ៍៖

ជនពិការហ្វឹកហាត់កីឡា ស្ថិតក្នុងស្ថានភាពខ្វះអាហារូបត្ថម្ភ ដើម្បីបំប៉នត្រៀមចេញទៅអាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅម៉ាឡេស៊ីឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ចំពោះការត្អូញត្អែរ របស់ក្រុមអត្តពលិកជនពិការ មិនមែនជារឿងថ្មីនោះទេប៉ុន្តែវាជារឿងដដែលៗ និងក្លាយជាទម្លាប់អស់ហើយដែរ។ សម្រាប់អ្នកពិការដែលស្រឡាញ់វិស័យកីឡា ស្ម័គ្រចិត្ត ចូលរួមហ្វឹកហាត់ ជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទាំងជីវភាពខ្វះមុខ ខ្វះក្រោយ គ្មានទាំងប្រាក់ឧបត្ថម្ភថ្លៃអាហារ សម្រាប់បំប៉នកាយសម្បទា ខណៈពួកគេកំពុងស្ថិតក្នុងការត្រៀមលក្ខណៈចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ី ពោលក្រោយ ស៊ីហ្គេមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ។

កីឡាករជនពិការ វ័យ ២១ឆ្នាំ ឈ្មោះ យ៉យ កុសល និងកីឡាករ ឯក សាមុត លេងវិញ្ញាសា កីឡាវាយកូនឃ្លីលើតុ បាននិយាយដូចៗគ្នាថា ពួកខ្ញុំលំបាកណាស់ មិនមែនតែពួកខ្ញុំម្នាក់ ឬ២ទៅបីនាក់នោះដែលលំបាក អត្តពលិកជនពិការទាំងអស់ សុទ្ធតែជួបការខ្វះខាត់ ចំពោះការផ្គត់ផ្គង់ ការហ្វឹកហាត់ ពិសេសកីឡាករ កីឡាការិនីថ្មីៗ ដែលពុំទាន់មានស្នាដៃ និយាយឲ្យចំមិនទាន់ដណ្តើមបានមេដាយមកជូនជាតិ។ ពួកគាត់ជូបបញ្ហាជីវភាពយ៉ាងខ្លាំង ទាំងនេះ ដែលនាំឲ្យកីឡាជនពិកការ ខ្វះថាមពល ក្នុងពេលហ្វឹកហាត់ និងប្រកួត ។

កីឡាករ ឯក សាមុត បានលើកឡើងថា ហេតុអ្វីបានពួកយើងមិនអាចទទួលបានថវិកាឧបត្ថម្ភ ថ្លៃអាហារ បំប៉ន និងប្រាក់បៀវត្សរ៍ ដូចអត្តពលិក មានកាយសម្បទាគ្រប់អីចឹង? ជនពិការហ្វឹកហាត់កីឡា ក៏សម្រាប់ចេញទៅប្រកួត តំណាងឲ្យប្រទេសជាតិដែរ ចុះហេតុអ្វីបានជាពួកយើង គ្មានបានអ្វីសោះ ថ្លៃចាយវាយប្រចាំថ្ងៃ ត្រូវខំរកដោយខ្លួន ដើម្បីមកហ្វឹកហាត់ វាហាក់បីដូចជាអយុត្តិធម៌ពេកហើយ សម្រាប់កីឡាជនពិការកម្ពុជា ។

ឆ្លើយតបនឹងការលើកឡើង របស់ក្រុមអត្តពលិកជនពិការនោះដែរ លោកយី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ត្អូញត្អែរដែរ លោកថា ជនពិការយើងលំបាក់ណាស់ហើយអ្នកដែលយល់ចិត្តអ្នកពិការ មានតែអ្នកដែលពិការដូចគ្នាប៉ុណ្ណោះ។

លោកអគ្គលេខាធិការបានធ្លោយមាត់ថា ក្នុងពេលដ៏ខ្លីនេះ លោកនឹងធ្វើលិខិតមួយ ដាក់ទៅតាមក្រសួងរបស់រដ្ឋទាំងអស់ ដើម្បីស្នើសុំការឧបត្ថម្ភពីក្រសួងដូចជាអង្ករ និងថវិកា ។

លោកបញ្ជាក់ថា ចាប់តាំងពីមជ្ឈមណ្ឌលជាតិ ជនពិការកម្ពុជា បានមកតាំងទីលំនៅ ក្នុងទឹកដីខណ្ឌសែន សុខ ពុំធ្លាប់មានអាជ្ញាធរភូមិ សង្កាត់ ខណ្ឌណាម្នាក់ចុះមកសាកសួរសុខទុក្ខជនពិការរបស់លោកសូម្បីតែម្តងគឺគ្មានទល់តែសោះ ។ ប្រសិនបើមន្ត្រីទាំងនោះចុះមកមើល ម្ល៉ោះសម ជំនួយ សាខាកាកបាទក្រហមខណ្ឌ នឹងមិនមើលរំលង ជនពិការ របស់លោកឡើយ ៕ សារីម


ចែករំលែក៖