ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចាក់សាក់ពេញខ្លួន២នាក់ធ្លាប់ជាប់គុក ពេលជួបនគរបាល ជិះម៉ូតូរត់ នគរបាលតាមក្របួចជាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលចាក់សាក់ពេញខ្លួន និងធ្លាប់ជាប់ពន្ធនាគារព្រៃស ជាង២ឆ្នាំ ជិះម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌជ្រោយចង្វារល្បាតនៅម្តុំមាត់ទន្លេក្បែរនឹងស្ថានីយ៍បូមទឹកប្រទះឃើញមើលទៅ គួរឲ្យសង្ស័យជាសមាសភាពមិនល្អក៏បានហៅត្រួតពិនិត្យតែត្រូវជនសង្ស័យបើកម៉ូតូរត់ចូលក្នុងដីឡូត៍ក្បែរគល់ស្ពានជ្រោយចង្វារចាស់ ក៏ត្រូវប្រជពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសានៅ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចដីឡូត៍ដាំផ្កាក្បែរនឹងគល់ស្ពានជ្រោយចង្វា ចាស់ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

នគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទី១- ឈ្មោះអារី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងទី២- ឈ្មោះ សុខ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។អ្នកទាំងពីរក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនបានឲ្យដោះអាវចេញឃ់ញសុទ្ធតែចាក់សាក់ពេញខ្លួនដូចក្រុមអ្នកលេង ។

តាមប្រភពព័ត៌មានពីនគរបាលផ្នែកអន្តរាគមន៍បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងអន្តរាគមន៍បានធ្វើការល្បាតនៅក្នុងមូលដ្ឋានទប់ស្កាត់រាល់បទល្មើសកុំឲ្យកើតមាននៅក្នុងមូលដ្ឋាន ហើយ ខណៈកំពុងល្បាតមកដល់ផ្លូវមាត់ទន្លេក្បែរនឹងស្ថានីយ៍បូមទឹក ក៏បានប្រទះឃើញជនសង្ស័យ២នាក់ រួមនឹងម៉ូតូមួយគ្រឿងម៉ាកហុងដា SL ពណ៌ទឹកប្រាក់ មើលទៅគួរឲ្យសង្ស័យដូចជាមុខសញ្ញាចាស់កាច់.កម៉ូតូពីមុនក៏សុំត្រួតពិនិត្យ។ មិនទាន់បានពិនិត្យស្រួលបួលផង ស្រាប់តែភ្លាមៗនោះជនសង្ស័យ២នាក់នោះក៏បើកម៉ូតូរត់គេចខ្លួន ហើយត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វារដេញតាមទៅដល់ដីឡូត៍កន្លែងដាំសួនផ្កាក្បែរនឹងគល់ស្ពានជ្រោយចង្វាចាស់ ជនសង្ស័យបានទុកម៉ូតូចោល ហើយរត់ចូលក្នុងព្រៃបាត់ ។

ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ចនាំគ្នាស្រាវជ្រាវរុករកអស់រយៈពេលជិតកន្លះម៉ោងអត់ឃើញក៏នាំគ្នាដកកម្លាំងចេញមកវិញ ស្រាប់តែក្រោយមកមានប្រជាពលរដ្ឋម្នាក់រត់មកប្រាប់ថា ឃើញជនសង្ស័យ២នាក់ផ្លោះចេញពីរបងឃ្លាំងមួយកន្លែងក៏បានឃាត់ប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ ។

ក្រោយពេលដែលសួរនាំរួចជនសង្ស័យក៏ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនមិនមែនជាចោរកាច់.កម៉ូតូនោះទេ គ្រាន់តែពីមុនធ្លាប់ជាប់ពន្ធធានាគារព្រៃសអស់រយៈពេលេជិត២ឆ្នាំ រឿងជួញដូរថ្នាំញៀនប៉ុណ្ណោះ ។

បន្ទាប់មកជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ៕ សហការី


ចែករំលែក៖