ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យចូលលួចគាស់ទូដែកក្នុងរោងចក្រផលិតស្បែកជើង ម៉ារូ ឈុន ផ្អើលសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានលួចចូលក្នុងរោងចក្រផលិតស្បែកជើង ម៉ារូ ឈុន ហើយបានធ្វើសកម្មភាពលួចគាស់ទូដែកចំនួន២ រើកកាយលួចទ្រព្យសម្បត្តិ លុយកាក់ ហើយគេចខ្លួនបាត់អស់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង០៨ព្រឹក ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្បែរផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមរយៈអ្នកបកប្រែ ថៅកែជនជាតិចិន បានឲ្យដឹងដែរថា នៅវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ នេះគាត់ចូលទៅពិនិត្យលើឯកសារ កិច្ចការរដ្ឋបាល ក្នុងការិយាល័យ ស្រាប់តែឃើញ ក្នុងបន្ទប់ ត្រូវបានជនសង្ស័យ រើកកាយ សម្ភារៈធ្លាក់រាយប៉ាយ ទូដែក ដាក់ឯកសារ និងសម្ភារៈ សំខាន់ៗ ត្រូវបានជនសង្ស័យ គាស់ បំបែកខ្ទេច ហើយបន្តតាមពិនិត្យ ស្លាកស្នាម ជនសង្ស័យគាស់ទ្វារចូលបន្ទប់ គណនេយ្យ រោងចក្រ គាស់ទូដែកមួយទៀត នឹងរើ សម្ភារៈ រាយពេញបន្ទប់ នៅវេលាម៉ោង២និង៥០នាទីអធ្រាត្រ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយផ្អែកទៅលើម៉ោងកាមេរ៉ាសុវត្តិភាព ។

តែបើបុគ្គលិកបម្រើការងាររដ្ឋបាល ក្នុងរោងចក្រខាងលើ បានឲ្យដឹងថា ផ្អែកទៅលើកាមេរ៉ាសុវត្តិភាព ក្នុងរោងចក្រ ជនសង្ស័យ២នាក់ ពាក់ម៉ាស់ជិត កាត់បន្លាលួសរបង ពីចំហៀងរោងចក្រ ចូលហើយ បានកាត់ទ្វារដែក ចំហៀងបន្ទប់គណនេយ្យ ចូលរើកកាយហើយ ឡើងទៅជាន់លើ បន្ទប់ថៅកែរោងចក្រ គាស់ទូដែក ខ្ទេច ។

ចំពោះការបាត់បង់ មិនត្រូវបានថៅកែរោងចក្រ ប្រាប់ចំនួនជាក់លាក់ឡើយ គ្រាន់តែឲ្យដឹងថា លុយកាក់មួយចំនួន ព្រោះក្រុមហ៊ុនមិនទាន់យកលុយចូលសម្រាប់ទូទាត់ឲ្យកម្មករនៅឡើយ បាត់តែឯកសារ និងស្បែកជើងមួយចំនួន ។

ក្នុងករណីខាងលើសមត្ថកិច្ចកំពុងស៊ើបសួរ ស្រាវជ្រាវនៅឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖