ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ លួចរថយន្តស្រ្តីម្នាក់បានសម្រេចនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តកាមរីបាឡែនមួយគ្រឿង ត្រូវបានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ (តាមការចែកកាម៉េរាសុវត្ថិភាព) បានធ្វើសកម្មភាពលួចបើកចេញទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះជនរងគ្រោះម្ចាស់ហាងយីហោ អាហារដ្ឋានស្រីពេជ្រ ជាប់ផ្លូវ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ស្រ្តីរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ខុន សេងហ៊ាន អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យមានគ្នា២នាក់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ កម្ពស់ប្រហែល១.៧៥ម៉ែត្រ ពុំស្គាល់អត្តសញ្ញាណ ។ ទ្រព្យសម្បត្តិបាត់បង់ មានរថយន្តមួយគ្រឿងម៉ាកកាមរី បាឡែន ពណ៍ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2AR-0211 (កង់ស្ព័រពណ៍ខ្មៅ)។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះបានឲ្យដឹងថា រថយន្តខាងលើនេះ គឺស្រ្តីរងគ្រោះបានទិញអស់រយះពេលជាង៣ខែមកហើយ ។ ក្រោយពីទិញបាន ស្ត្រីរងគ្រោះតែយករថយន្តរបស់មកទុកនៅខាងមុខផ្ទះ(ហាងស្រីពេជ្រ) ដោយចាក់សោរបងសំណាញ់ព័ទ្ធជុំវិញ ជារៀងរាល់យប់ ។ លុះព្រឹកឡើងស្តាប់តែស្ត្រីរងគ្រោះក្រោកពីដេកស្រាប់តែបាត់រថយន្តមិនឃើញ រីឯសោររបងសំណាញ់មានដានកាត់ផ្ដាច់ផងនោះ ក៏មានការផ្អើលឆោឡោ ប្ដឹងដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ ។

ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅទទួលបានព័ត៌មាន ភ្លាមនោះក៏រាយការណ៍ជូនកម្លាំងជំនាញក្រុង ចុះមកធ្វើការពិនិត្យកន្លែងកើតហេតុ និងឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញថា ជនសង្ស័យធ្វើសកម្មភាពមានគ្នា២នាក់ ភេទប្រុស ដោយធ្វើសកម្មភាពលួចនេះនៅវេលាម៉ោង២៤និង៤៥នាទីរំលងអធ្រាត្រង ដោយកាត់សោរទ្វារបងចូលលួចយករថយន្តខាងលើជិះចេញតាមផ្លូវ១១៥ទៅទិសខាងលិចបាត់ទៅ ។

បច្ចុប្បន្ន ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យចាត់ការតាមច្បាប់ ៕ស្អាងជ័យ


ចែករំលែក៖