ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីបុរសម្នាក់ហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូម្នាក់ឯង តាមដងផ្លូវហើយត្រូវជនសង្ស័យមួយក្រុមមកធ្វើសកម្មភាពវាយប្លន់ យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចម្ងាយពីច្រកចូលប៉ុស្តិ៍ប្រហែល១០០ម៉ែត្រ ក្នុងភូមិជ្រៃកោង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ជឿន ឆៃរ៉ាត់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅអូឌឹម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូ ដែលជនសង្ស័យប្លន់នោះម៉ាកZOOMER-X ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-6899 ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងមុនពេលកើតហេតុ រូបគាត់ទើបតែចេញពីកាណាឌីយ៉ា គោលបំណងត្រឡប់ទៅផ្ទះនៅអូឌឹម ដោយជិះម៉ូតូម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿង ឌ្រីមសង់២គ្រឿង និងស៊ុយគីនិច១គ្រឿង មិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពយកមួកការពារសុវត្ថិភាពវាយពីក្រោយ បណ្ដាលឲ្យដួលម៉ូតូរួចជនរងគ្រោះបាន ស្រែកថាចោរៗ ខណ:នោះត្រូវបក្ខពួកក្រុមចោរដែលបិទគូទពីក្រោយ បានដេញវាយធ្វើឲ្យជនរងគ្រោះភ័យ ក៏រត់យករួចខ្លួនសិន ដោយឃើញឱកាសល្អក្រុមចោរប្លន់ទាំងនោះបានលើម៉ូតូជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ ក៏ហៅម៉ូតូឌុបជិះទៅដាក់ពាក្យ បណ្ដឹងប៉ុស្តិ៍ចោមចៅ២ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវដើម្បីរកម៉ូតូរបស់គាត់វិញ ៕ សុខាសែនជ័យ


ចែករំលែក៖