ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន៦កញ្ចប់ ត្រូវនគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដង្កោបានចុះបង្ក្រាបករណីជួញដូរថ្នាំញៀនដែលខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងថ្នាំញៀន៦កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះគ្មានលេខសិ្ថតនៅ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទិត្យ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសិ្ថតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ថង់តូច, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន,សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដែកសម្រាប់ចូកថ្នាំញៀនចំនួន០១ ដែលជនសង្ស័យបានដាក់លើគ្រែ ក្រោមអង្រឹងដេកទើបសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកសាកសួរនៅអធិការនគរបាលខណ្ឌដង្កោតាមច្បាប់។

បច្ចុប្បន្ននេះ ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖