ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន១២កញ្ចាប់ធំល្មម ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឆ្មក់បង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការដឹកនាំនិងបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងធ្វើការល្បាតក្នុងភូមិសាស្ត្រ និងស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន១២កញ្ចប់ធំល្មម កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ចាន់ថា ហៅយួន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិម័ល សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន៖ ក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ថង់ធំល្មម, ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌ផ្ទៃមេឃចំនួន១គ្រឿង, ម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហា ហ្វីណូ ពណ៌ទឹកមាសខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-7182 , ជញ្ជីងអេឡិចត្រូនិចចំនួន១, ទុយយោជ័រសម្រាប់ចូកថ្នាំញៀនចំនួន០២, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

លោកអធិការបានបន្តថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិម័ល សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ កំពុងជិះម៉ូតូ០១គ្រឿងម៉ាកយ៉ាម៉ាហា ហ្វីណូ ពណ៌ទឹកមាសខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BJ-7182 ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួនធ្វើការឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន១២កញ្ចប់ថង់ធំល្មម នៅក្នុងហោប៉ៅខោមុខខាងឆ្វេងរបស់ជនសង្ស័យខាងលើ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង៕ ភារ៉ា ដង្កោ


ចែករំលែក៖