ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លួចម៉ូតូកាលពី១០ថ្ងៃមុន ត្រូវបានម្ចាស់ម៉ូតូប្រទះឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់លួចម៉ូតូកាលពី១០ថ្ងៃមុន ត្រូវបានម្ចាស់ម៉ូតូប្រទះឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ចំណុចផ្លូវរទេះភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុយ ប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះឈ្មោះ យិន ភារុន អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទួលពង្រ ខណ្ឌដង្កោ មានស្រុកកំណើត ភូមិមុងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា កាលពីម៉ោងជាង៤ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-4020 មកទុកនៅមុខបន្ទប់ជួល រួចក៏ឡើងទៅសម្រាក លុះដល់ម៉ោងជាង៦ព្រឹក បានចុះមកយកម៉ូតូមិនឃើញម៉ូតូ ក៏បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលព្រៃស ខណ្ឌដង្កោ។

ប្រភពដដែល បានបន្តទៀតថា លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានឃើញជនសង្ស័យម្នាក់ជិះម៉ូតូរបស់ខ្លួន ដែលត្រូវចោលួចបាត់កាលពី១០ថ្ងៃមុននេះ ក៏បានរត់ទៅចាប់ និង ប្តឹងសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលស្រះចក។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានត្រួតពិនិត្យជនសង្ស័យក៏រកឃើញក្រាមសថ្លា១កញ្ចប់តូច និង បានបញ្ជូនជនសង្ស័យ និងនាំជនរងគ្រោះទៅឲ្យខាងប៉ូលិសប៉ុស្តិ៍ព្រៃសវិញ ព្រោះកើតហេតុនៅទីនោះ ៕ ជ្រោយពេជ្រ


ចែករំលែក៖