ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យរំលោភរួចសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំនៅស្រុកកៀនស្វាយប្រឈមទោសមួយជីវិត

ចែករំលែក៖

ខេត្តកណ្តាល៖ ករណីរំលោភសេពសន្ថវៈរួចសម្លាប់ក្មេងស្រីអាយុ៧ឆ្នាំ នៅស្រុកកៀនស្វាយ រហូតមកទល់ថ្ងៃទី៧ ខែសីហា នេះ លោកសាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារបណ្តោះអាសន្ន ហើយ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

មន្ត្រីតុលាការ ថ្លែងថា ជនសង្ស័យរូបនេះត្រូវបានលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ បើកការស៊ើបសួរ ពីបទ”ឃាតកម្មគិតទុកជាមុន”តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ មន្ត្រីតុលាការដដែល បន្តថា មូលហេតុដែលឈានដល់ការចោទប្រកាន់ពីបទ”ឃាតកម្មគិតទុកជាមុន”នេះ ដោយសារតាមរយៈការសាកសួរ គឺ ជនសង្ស័យ សារភាពថា ពុំទាន់បានរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះនៅឡើយ ហើយបាននាំក្មេងស្រីដល់កន្លែងស្រះទឹកមួយ រួចច្របាច់កសម្លាប់តែម្តង ។

គួរបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចសាលារៀនបឋមសិក្សាហ៊ុនសែន ស្លាកែត ភូមិកោះចិន ឃុំគគីរ ស្រុកកៀនស្វាយ ។ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ចន្ធីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរកម្មករសំណង់ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ បានធ្វើសកម្មភាពបោកបញ្ឆោតលួងលោមក្មេងស្រីអាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១សាលាបឋមសិក្សាហ៊ុន ដឹកតាមកង់ជិះយកមកទៅចាប់រំលោភសេពសន្ថវៈ ។ នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ៕ ចេស្តា


ចែករំលែក៖