ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យលួចប្លន់១ក្រុម លាក់ខ្លួនក្នុងផ្ទះសំណាក់ សមត្ថកិច្ចឃាត់ខ្លួនបាន៧នាក់ កាំភ្លើង១ដើម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុខសញ្ញាចោរប្លន់១ក្រុម ដែលមេខ្លោងជាយោធាផង ត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួន ពេលកំពុងលាក់ខ្លួនក្នុងផ្ទះសំណាក់ មិនបណ្តាលឲ្យមានផ្ទុះអាវុធតដៃជាមួយសមត្ថកិច្ចទេ ដោយដកហូតបានអាវុធខ្លី១ដើម គ្រាប់១៧គ្រាប់ ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះសំណាក់ហេងលី ក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបមុខសញ្ញាចោរប្លន់១ក្រុមនេះ ដឹកនាំដោយលោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ ១ ឈ្មោះនួន គឹមហៃ ហៅរ៉ាវុធ ភេទប្រុស បំរើការងារនៅអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ជាមេខ្លោង ។ ២ ឈ្មោះហៃ ហ៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិបឹង ឃុំុជង្រុក ស្រុកគងពិសី ។ ៣ ឈ្មោះផន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ។ ៤ ឈ្មោះលុន វណ្ណះ ភេទប្រុស អាយុ៤០នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ។ ៥ ឈ្មោះឈុំ រ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ នៅដំណាក់ពង្រ ឃុំជង្រុក ស្រុកគងពិសី ។ ៦ ឈ្មោះសុខ ថៃ ភេទប្រុស អាយុ១៦ឆ្នាំ នៅដំណាក់ពង្រ ឃុំជង្រុក ស្រុកគងពិសី ។ ៧ ឈ្មោះណាំ សែ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិនរាយ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ។

ប្រភពដដែលបន្តថា ចំណែកវត្ថុតាងដែលដកហូតបានរួមមាន: ម្សៅក្រាមពណ៌សថ្លា១កញ្ចាប់ មធ្យម ទឹកមានសារធាតុញៀន1ដបតូច ថង់ផ្លាស្ទិចសម្រាប់វេចខ្ចប់ និងច្រកសារធាតុញៀនជាច្រើនកញ្ចាប់ កូនពូថៅមានស្រោម១ ដាវ1 ព្រមទាំងឧបករណ៍ប្រើប្រាសគ្រឿងញៀន លើសពីនោះ មានទុយណឺវីសចំនួន៣ដើម ទុយណឺវីសកន្ទុយអន្ទុង់សម្រាប់កាចសោកម៉ូតូ១ដើម ដែកឆាបមូល១ សោតាន់ចំនួន1ឈុត ម្ជុលស្រួច1ដើម ដែកកាប់1ដើម កូនពិលតូច1 លួសឆ្កឹះសោចំនួន2 កូនកាំបិតកៃ1 កូនសោ2ចង្កោម អាវុធខ្លីម៉ាកឡុក1ដើម បង់២ គ្រាប់ចំនួន17គ្រាប់ និងម៉ូតូ៣គ្រឿង ។

សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការនេះ ដោយមានការសហការល្អរវាងម្ចាស់ផ្ទះសំណាក់ឈ្មោះឆែ លីម ភេទប្រុស អាយុ៥៧ឆ្នាំ សមត្ថកិច្ចមិនបានឃាត់ខ្លួនទេ ។ ដោយឡែកជនសង្ស័យ មានកាំភ្លើងជាប់តាមខ្លួន តែមិនមានលទ្ធភាពតដៃជាមួយសមត្ថកិច្ចបានឡើយ សុខចិត្ដប្រគល់ខ្លួនដោយសម្រួល ។

ក្រោយពេលបង្ក្រាបបានមុខសញ្ញាចោរប្លន់១ក្រុមនេះ ប្រជាពលរដ្ឋ មានការអបអរពីស្នាដៃសមត្ថកិច្ច ធ្វើឲ្យពួកគាត់ សប្បាយចិត្ត លែងដេកភ័យបន្តទៀត ៕ សេនាស័ក្តិ


ចែករំលែក៖