ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ចូលលួចម៉ូតូមិនទាន់បានសម្រេចផង ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋនៅក្នុងផ្ទះមិនទាន់បានសម្រេចផង ស្រាប់តែត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង ០៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចទល់មុខផ្ទះសំណាក់ខេង ធី ផ្លូវបេតុង បន្ទប់ផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ-ទី១ឈ្មោះ ហេង សារិន ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរ ដេរស្បែកជើង ស្នាក់នៅចំណុចបន្ទប់ផ្ទះជួលម្ដុំសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ -ទី២ឈ្មោះ សុខ ម៉ៅ អាយុ២៣ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះបានទុកម៉ូតូម៉ាក Fz ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ 1Bz-4191 ក្នុងរបងមុខបន្ទប់ជួល ដោយបានចាក់សោរបូមខាងមុខ មិនបានចាក់សោរទ្វាររបងទេ រួចក៏ចូលក្នុងបន្ទប់ដេករហូតដល់ម៉ោង៤ ទៀបភ្លឺ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ក៏មានជនសង្ស័យ២នាក់ចូលមកធ្វើសកម្មភាពលួចម៉ូតូដោយជនសង្ស័យម្នាក់ជាអ្នកធ្វើសកម្មភាពនិងម្នាក់ទៀតយាមផ្លូវខាងក្រៅ ស្រាប់តែចៃដន្យកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ល្បាតក្នុងភូមិសាស្ដ្រដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ក៏ប្រទះឃើញជនសង្ស័យក៏ឃាត់ខ្លួនសួរនាំ បន្ទាប់មកទើបដឹងថា ជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាព លួចម៉ូតូក៏ឃាត់ខ្លួនយកមកប៉ុស្ដិ៍ដើម្បីសួរនាំតែម្ដង ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន២ គ្រឿង ,ទូរសព្ទដៃ១គ្រឿង , ដែកលួសសម្រាប់ឆ្កិះសោរចំនួន១ ។

ក្រោយពេលសួរនាំរួចមកសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវីធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖