ព័ត៌មានទាន់ហេតុការណ៍៖

សម្ព័ន្ធអារ៉ាបថ្កោលទោស ក្រោយអូស្ត្រាលី និងប្រេស៊ីលទទួលស្គាល់ ជេរ៉ូសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល

ចែករំលែក៖

សម្ព័ន្ធអារ៉ាបបានចេញមុខថ្កោលទោស ក្រោយពេលដែលអូស្ត្រាលី និងប្រេស៊ីលបានប្រកាសទទួលស្គាល់ តំបន់ជេរ៉ូសាឡឹមថា ជារដ្ឋធានីអ៊ីស្រាអែល ។ កាលពីថ្ងៃទី១៨ ខែធ្នូ សម្ព័ន្ធអារ៉ាបបានអនុម័តអំពាវនាវដល់ រដ្ឋាភិបាលអូស្ត្រាលី និងប្រេស៊ីលគោរពទៅតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងបញ្ហាជេរ៉ូសាឡឹម ។

សេចក្តីសម្រេចខាងលើរបស់សម្ព័ន្ធអារ៉ាប ធ្វើឡើងក្រោយពេលដែលអូស្ត្រាលី បានប្រកាសទទួលស្គាល់តំបន់ជេរ៉ូសាឡឹមភាគខាងលិច ជារដ្ឋធានីស្របច្បាប់របស់អ៊ីស្រាអែល ។ ប៉ុន្តែអូស្ត្រាលីមិនបានបង្ហាញពីគោលបំណងផ្លាស់ប្តូរ ស្ថានទូតទៅកាន់ទីនោះឡើយ ដោយរង់ចាំកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល នឹងប៉ាឡេស្ទីន ។

កន្លងមក ប្រធានាធិបតីទើបតែជាប់ឆ្នោតប្រេស៊ីល លោក Jair Bolsonaro បានប្រកាសថា ប្រេស៊ីលមានគម្រោងផ្លាស់ប្តូរស្ថានទូត ពីទីក្រុងTel Aviv ទៅកាន់ជេរ៉ូសាឡឹម។

សម្ព័ន្ធអារ៉ាប បានសម្រេចបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ប្រទេសប្រេស៊ីល និងអូស្ត្រាលីដើម្បី ស្នើដល់ប្រទេសទាំងពីរ គោរពទៅតាមច្បាប់អន្តរជាតិពាក់ព័ន្ធនឹងជេរ៉ូសាឡឹម ។ ជាមួយគ្នានេះ ក៏បានស្នើដល់អង្គការសហប្រជាជាតិ ដាក់គំនាបទៅលើអ៊ីស្រាអែលបញ្ចប់សកម្មភាពប្រឆាំងក្រុមជនជាតិ ប៉ាឡេស្ទីន ។

បញ្ហាជេរ៉ូសាឡឹមតាំងពីដើមមក គឺជាប្រធានបទក្តៅបំផុតនៅក្នុងតំបន់ ហើយក៏ជាចំណុចបង្កឲ្យមាន ជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែននឹងប៉ាឡេស្ទីន ។ ទាហានអ៊ីស្រាអែលបានដណ្តើមគ្រប់គ្រងតំបន់ជេរ៉ូសាឡឹមខាងកើតនៅក្នុងសង្គ្រាម កាលពីឆ្នាំ១៩៦៧ ក្រោយមកដាក់បញ្ចូលទីក្រុងជេរ៉ូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល មិនអាចកាត់ផ្តាច់បានឡើយ។

សហគមន៍អន្តរជាតិ មិនទទួលស្គាល់សកម្មភាពរបស់អ៊ីស្រាអែល ដោយបញ្ជាក់ថា ជេរ៉ូសាឡឹម ជារដ្ឋធានីរបស់ប៉ាឡេស្ទីនស្របច្បាប់ ដោយមានព្រះវិហារអិស្លាម មានអាយុកាលរាប់រយឆ្នាំជាភស្តុតាងស្រាប់ ៕


ចែករំលែក៖