ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនត្រៀមទប់ទល់នឹងព្យុះជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក

ចែករំលែក៖

ជប៉ុន ដែលទើបតែបានឆ្លងកាត់នូវខ្យល់ព្យុះទឹកជំនន់ និងកម្តៅក្តៅខ្លាំងវាយប្រហារ កាលពីខែសីហាកន្លងមកបានសម្លាប់ មនុស្សជាច្រើន ។ នៅដើមខែកញ្ញានេះ ជប៉ុនក៏ បានត្រៀមលក្ខណ’ទប់ទល់នឹងព្យុះកំណាចជាទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំ ដែល នឹងវាយប្រហារចូលដល់ទឹកដីជប៉ុននៅ ពេលដ៏ខ្លីខាងមុខ ។

សារព័ត៌មាន Sputnikបានផ្សាយថា ព្យុះដែលសំដៅចូលទឹកដីជប៉ុន មាន ឈ្មោះថា ព្យុះJebi។បច្ចុប្បន្ន ព្យុះទីហ្វុង ឈ្មោះថា Jebiដែលកកើតឡើងនៅលើ មហាសមុទ្រប៉ាស៊ីហ្វិក កំពុងធ្វើដំណើរ ឆ្ពោះមកចំប្រទេសជប៉ុន ដោយនឹងនាំយកមកជាមួយនូវទឹកភ្លៀងជោកជាំ ព្រមទាំង ខ្យល់បោកបក់ខ្លាំងក្លា។

ព្យុះទីហ្វុង Jebiដែលនឹងមកវាយ ប្រហារដល់ប្រទេសជប៉ុន នាអំឡុងដើម សប្តាហ៍ក្រោយនេះ កំពុងធ្វើដំណើរក្នុងល្បឿន២៥គីឡូម៉ែត្រក្នុង១ម៉ោង និងមានកម្លាំងខ្យល់បក់ដល់ទៅ២៧៤គីឡូម៉ែត្រ ក្នុង១ម៉ោង។ Jebiបានលេចចេញជារូបរាងឡើងនៅភាគខាងកើតកោះហ្គាំ លើផ្ទៃ មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៧ ខែសីហា ហើយវាបានវិវឌ្ឍខ្លួនពីព្យុះកម្រិតទាប Category 1 ទៅជាកម្រិត Category 5 ដ៏មានឥទ្ធិពលបំផុត កាលពីប៉ុន្មានថ្ងៃមុន ខណៈព្យុះទីហ្វុងនេះ បច្ចុប្បន្នត្រូវគេចាត់ ទុកថា ជាព្យុះដ៏ខ្លាំងបំផុតលើផែនដីប្រចាំឆ្នាំ២០១៨។

គួរជម្រាបថា ឥឡូវនេះ ព្យុះ Jebiស្ថិតនៅចម្ងាយជាង៤៨០គីឡូម៉ែត្រភាគពាយ័ព្យកោះ Saipan របស់អាមេរិក និងកំពុងឆ្ពោះ ទៅភាគពាយ័ព្យ ប៉ុន្តែបើតាមគំរូម៉ូដែល ប្រព័ន្ធកុំព្យូទ័រ ព្យុះនេះនឹងងាកទៅទិស ខាងកើត នាដើមសប្តាហ៍ក្រោយ ដែល មានគោលដៅឆ្ពោះទៅចំទីក្រុងក្យូតូ (Kyoto) ប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ប្រជាជនជប៉ុនប្រហែល២០.០០០នាក់ ក៏ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួន មុនការ មកដល់នៃព្យុះកំណាច Jebiផងដែរ ខណៈចំនួនអ្នកជម្លៀសខ្លួនអាចនឹងកើនឡើងថែមទៀត៕ ម៉ែវ សាធី

 


ចែករំលែក៖