ព័ត៌មានទាន់ហេតុការណ៍៖

ជាង៤ឆ្នាំហើយនៅតែមិនទាន់រកឃើញយន្តហោះបាត់ខ្លួន MH370

ចែករំលែក៖

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨បានផ្សាយថា មានការវិភាគជាច្រើនដែលបានចុះផ្សាយនៅ លើសារព័ត៌មានធំៗដូចជា Telegraph ,independent , Washington post មានបទ វិភាគប្រហាក់ប្រហែលគ្នាថា ការបាត់ខ្លួនដ៏អាថ៌កំបាំងនៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ជាមួយមនុស្ស ២៣៩នាក់ គឺបង្ក ឡើងដោយចេតនា ចង់ឱ្យយន្ដហោះនេះធ្លាក់របស់មេបញ្ជាការក្រុមអាកាសយានិកម្នាក់។

Telegraph ធ្វើសេចក្ដីរាយការណ៍បែប នេះ ដោយសំអាងលើកម្មវិធីផ្សាយមួយ មានរយៈពេល ៦០នាទី នៅលើទូរទស្សន៍ អូស្រ្ដាលី ដោយនៅក្នុងកម្មវិធីនេះអ្នកជំនាញម្នាក់គឺ លោក ម៉ាទីន ដូឡាន (Martin Dolan) ជាអតីតប្រធានទីភ្នាក់ងារសន្តិ សុខដឹកជញ្ជូនអូស្រ្ដាលីបានអះអាងថា លោក ហ្សាហារី អាមេដ សាហ៍ (Zaharie Ahmad Shah) ដែលជាមេបញ្ជាការក្រុម អាកាសយានិក មានចេតនាធ្វើឱ្យយន្ដ ហោះ MH370 តាមរយៈការធ្វើឱ្យវាបាត់ចេញពីប្រព័ន្ធរ៉ាដា និងបញ្ជាយន្ដហោះនេះ ឆ្ពោះទៅមហាសមុទ្រឥណ្ឌាតែមួយម៉ោង ប៉ុណ្ណោះ បន្ទាប់ពីហោះចេញពីទីក្រុងគូឡាឡាំពួរ។ «វាគឺជាទង្វើមានគម្រោងទុក ជាមុន ហើយវាត្រូវបានគេរៀបចំអស់រយៈពេលជាយូរណាស់មកហើយ»។ នេះគឺជា ការគូសបញ្ជាក់របស់លោក ម៉ាទីន ដូឡាន (Martin Dolan)។

តែទោះជាយ៉ាងនេះក្ដី អ្នកជំនាញរូបនេះដែលបានដឹកនាំប្រតិបត្តិការស្វែងរក MH370 អស់រយៈពេលជាង២ឆ្នាំ បាន អះអាងថា វាមិនមែនជាសកម្មភាពភេរវកម្ម​នោះទេ ពីព្រោះបើវាជាសកម្មភាពភេរវកម្មនោះ ពួកភេរវករនឹងចេញមុខទទួលស្គាល់បាត់ទៅហើយ។ ដោយឡែក អតីតអ្នក ស៊ើបអង្កេតម្នាក់ទៀត មកពីការិយាល័យសន្តិសុខដឹកជញ្ជូនកាណាដា លោក ឡារី វែនស៍ (Larry Vance) ក៏បានអះអាងនៅក្នុងកម្មវិធីនោះដែរថា លោក Zaharie មានអាយុ ៥៣ឆ្នាំ ទំនងជាបានពាក់ម៉ាស់ អុកស៊ីសែន មុននឹងរូបលោកទម្លាក់កម្រិតអុកស៊ីសែននៅលើយន្ដហោះ ដើម្បីឱ្យ មនុស្ស ២៣៨នាក់ទៀត បាត់បង់ស្មារតី។

គួររំលឹកថា ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើងហោះហើរពីទីក្រុង គូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង បានបាត់ខ្លួនដោយអាថ៌កំបាំង កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ក្នុងនោះមាន ១២នាក់ជាសមា ជិកអាកាសយានិក។ ជាងនេះទៅទៀត យន្ដហោះនេះមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ រីឯមូលហេតុក៏មិនទាន់ត្រូវ បានគេបញ្ជាក់ឱ្យច្បាស់ដែរ បើទោះជា ក្រុមអ្នកស្វែងរក ធ្លាប់បានរកឃើញបំណែកយន្ដហោះជាបន្តបន្ទាប់ក៏ដោយ៕ ម៉ែវ សាធី


ចែករំលែក៖