ព័ត៌មានទាន់ហេតុការណ៍៖

ជិះកង់មកលួចទូរស័ព្ទសន្តិសុខម្នាក់ បានសម្រេចហើយ ត្រូវម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានជិះកង់ឌុបគ្នាមកធ្វើសកម្មភាពលួចទូរស័ព្ទរបស់បុរសម្នាក់ជាសន្តិសុខ បានសម្រេចហើយ ប្រុងរត់គេចខ្លួន តែត្រូវម្ចាស់គេឃើញទាន់ស្រែកឆោឡោដេញតាមក្របួចជាប់ទាំង២នាក់តែម្តង ។

ករណីចោរលួចខាងលើនេះ បានកើតឡើងការពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃ​ចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ជិតស្តុបត្រសក់ផ្អែម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជាសន្តិសុខយាមហាងមួយកន្លែង ស្ថិតនៅជិតស្តុបត្រសក់ផ្អែម លុះដល់ម៉ោងកើតហេតុរូបគេបានងងុយដេក និងបានដាក់សាកទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន៥ ពណ៌ស នៅលើតុកន្លែងអង្គុយយាមនៅមុខហាងដូចសព្វដង ។ ហើយពេលនោះរូបគេក៏បានដើរទៅក្រោយយកប៉ៅអ៊ី ដើម្បីមកសម្រាកស្រាប់តែមានជនសង្ស័យ២នាក់ បានជិះកង់មកក្រវែល ហើយម្នាក់ក៏បានអង្គុយចាំលើកង់ និងម្នាក់ទៀតបានដើរមកធ្វើសកម្មភាពលួចយកទូរស័ព្ទនៅលើតុ បានសម្រេចហើយ ក៏ប្រុងរត់គេចខ្លួន ភ្លាមនោះរូបគាត់ចេញមកវិញក៏ឃើញទាន់ ហើយស្រែកឆោឡោផ្អើលអ្នកជិតខាងនាំគ្នាដេញចាប់ក្របួចជាប់ទាំង២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ។ ចំណែកទូរស័ព្ទរកមិនឃើញ មិនដឹងថាជនសង្ស័យយកទៅបោះចោលនៅកន្លែងណានោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ យកទៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីសាកសួរ ហើយជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យទាំង២នាក់នោះ ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖