ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្កែរត់ចូល ដូលបោកចូលរថយន្តស្លាប់២នាក់ របួស៣នាក់ នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេស្រីតូចម្នាក់ និង ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ៣នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងពេលបើកបរម៉ូតូត្រូវសត្វសុនខ រត់ចូលដួលបោកចូលរថយន្តធំ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៣ ស្ថិតក្នុង ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ម្នាក់ឈ្មោះ អេង ម៉ាប់ ភេទស្រី អាយុ៥២ឆ្នាំ និងម្នាក់ទៀតជាមានឈ្មោះ សេង គន្ឋា ភេទស្រី អាយុ២ឆ្នាំ ចំណែក៣នាក់ ទៀតបានរងរបួសធ្ងន់និងស្រាល ជនរងគ្រោះទាំង៥នាក់ជាគ្រួសារតែមួយ រស់នៅភូមិជីប៉្រង ឃុំជៀប ស្រុកទឹកផុស ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានជិះម៉ូតូតែ១គ្រឿងម៉ាកស្យូមមើ (Zommer) ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មានសុនខមួយក្បាលរត់ចូលម៉ូតូបណ្តាលឲ្យរេចង្កូតទៅឆ្វេងដៃដួល ក្នុងពេលនោះ ក៏មានរថយន្តមួយកូរ៉េ គ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A. 0839 បើកមកពីមុខក្នុងដំណើរច្រាស់ទិសគ្នាក៏បានបុកម៉ូតូពេញទំហឹងអូសម៉ូតូជាច្រើនម៉ែត្រ បណ្តាលជនរងគ្រោះ២នាក់បានស្លាប់នៅនឹងកន្លែងកើហេតុ ចំណែក៣នាក់ទៀតបានរងរបួសធ្ងន់និងស្រាលដឹកមកសង្គ្រោះព្យាបាលនៅមណ្ឌលសុខភាពស្រុកទឹកផុស ចំណែកជនរងគ្រោះដែលបានស្លាប់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងលំនៅដ្ឋាន ។

ក្រោយពេលកើតហេតុ មធ្យោបាយបង្ករត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖