ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវបត់កាត់មុខរថយន្តបុកកិនស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានរថយន្តធុនធំ ១គ្រឿងបុករួចកិនស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលជនរងគ្រោះកំពុងធ្វើដំណើរ ដោយបើកម៉ូតូឆ្លងផ្លូវរួចបត់កាត់មុខរថយន្តបង្ក នៅលើកំណាត់ផ្លូវជាតិលេខ៥។

ហេតុការណ៍ខាងលើបានកើតឡើងពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ​២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៥-១៨៦ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា មុនដំបូងគេឃើញបុរសរងគ្រោះធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 4855 បានធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុបានឆ្លងផ្លូវបត់ឆ្វេងដៃកាត់មុខរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A 6481 ដែលកំពុងបោះពួយយ៉ាងលឿនមកពីទិសខាងកើតទៅលិច ក៏ជ្រុលបុកពេញទំហឹងរួចកិនបណ្ដាលឲ្យរងគ្រោះបែបនេះតែម្ដង អ្នកបើករថយន្តបង្កឃើញហេតុការណ៍បែបនេះ ក៏បានគេចខ្លួនបាត់។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាក(ហុងដាឌ្រីម)(ស្លាប់ភ្លាមៗ) ត្រូវបានគេស្គាល់ឈ្មោះ សាប់ សារុន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា សាកសពមន្រ្តីជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងតាមប្រពៃណី ដោយឡែកវត្ថុតាងម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រងចាំបន្តធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ ប៉ឹម ពិន


ចែករំលែក៖