ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលបណ្ដាលឲ្យរថយន្តមកពីក្រោយកិនស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ មនុស្សប្រុសស្រីប្ដីប្រពន្ធ២នាក់ជិះម៉ូតូឌុបគ្នាបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបើកច្រា់ទិសគ្នាដួល ត្រូវរថយន្តមួយគ្រឿងបើកមកពីក្រោយឈប់មិនទាន់កិន បណ្ដាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធយ៉ាងអណោចអធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ សែម វ៉ានដេត ភេទប្រុសអាយុ២៥ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DD-8154 រួមដំណើរជាមួយឈ្មោះ ឯម សុខគា ភេទស្រី អាយុ២៥ឆ្នាំ (ស្លាប់បាត់បង់ជីវិត) ។ ជនរងគ្រោះទាំង២នាក់ត្រូវជាប្តីប្រពន្ធនិងគ្នា មានទីលំនៅភូមិព្រៃរំដួលខាងត្បូង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បើករថយន្តេត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង( ពីតាកែវមកភ្នំពេញ) លុះជិះមកដល់ចណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះបានជិះទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតជិះច្រាសទិសគ្នា បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួល ខណះនោះក៏មានរថយន្តមួយគ្រឿងទៀតបើកឈប់មិនទាន់ក៏បានកិនជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងវាស់វែងកន្លែងកើតហេតុ រួចប្រគល់សាកសពជនរងគ្រោះទាំង២នាក់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖