ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសទិសឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀត បុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍បំណងឆ្លងផ្លូវ តែត្រូវម៉ូតូសិស្សសាលាជិះគ្នាពីរនាក់ បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២១៧ នៅចំណុចមុខវត្តសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AX-4986 ធ្វើដំណើរបញ្ច្រាសទិសដៅបំណងឆ្លងផ្លូវ ខណះពេលនោះក៏មានម៉ូតូម៉ាកស្កូបពីមួយគ្រឿងទៀត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1GV-8959 ជិះដោយយុវជនសិស្សសាលាពីរនាក់ក្នុងទិសដៅពីត្បូងទៅជើង បានបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

តាមប្រភពពីយុវជនសិស្សសាលាម្នាក់ដែលរងរបួសស្រាលបានឲ្យដឹងថា រូបគេនិងប្អូនប្រុសបានឌុបគ្នាចេញពីផ្ទះនៅក្នុងបុរីពីភពថ្មីចំកាដូង បំណងទៅរៀននៅសាលាបាក់ទូក តែមកដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់តែម្ដងទៅ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងជួយសម្រួលចរាចរណ៍កុំឲ្យកកស្ទះ និងធ្វើការវាស់វែងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖