ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងជ្រុលទៅបុករថយន្ដមួយគ្រឿងពេញមួយទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់និងស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងជិះបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន បានជ្រុលទៅបុកជាមួយរថយន្ដមួយគ្រឿងពេញមួយទំហឹង បណ្ដាលឲ្យនារី២នាក់ជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់ និងនារីម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខមន្ទីរកាកបាទក្រហមខេត្តកណ្ដាល លើកំណាត់ផ្លូវជាតិ២១ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា នារីរងគ្រោះរងរបួសធ្ងន់២នាក់ ទី១-ឈ្មោះ ផាត សុខកែន ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូម៉ាក SUZUKI LETS ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 1S-9014 ទី២-ឈ្មោះ យឹម ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (ជាអ្នករួមដំណើរ) រីឯនារីម្នាក់ទៀតជាអ្នករួមដំណើររបួសស្រាល ។ ចំណែកឯរថយន្ដម៉ាក LEXUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2P-9858 បើកបរដោយឈ្មោះ ZHENG JIANZONG អាយុ៣៥ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញនារីរងគ្រោះទាំង៣នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២១ លុះជិះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ដោយពុំបានមើលមុខមើលក្រោយនោះទេ ខណៈនោះក៏បានជ្រុលទៅបុករថយន្ដកំពុងបើកពេញមួយទំហឹង បណ្ដាលឲ្យនារីជាអ្នកជិះម៉ូតូ២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើង នារីរងគ្រោះរងរបួសរបួសធ្ងន់ ត្រូវក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ជ័យជំនះក្រុងតាខ្មៅ ដោយឡែកម៉ូតូនិងរថយន្ត រួមទាំងអ្នកបើកបររថយន្ដ ត្រូវបានសមត្ថកិច្ចចុះអន្ដរាគមន៍ឃាតខ្លួន និងវាស់វែងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖