ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូមកពីក្រោយបុក រងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារី២នាក់បានរងរបួសធ្ងន់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ និងម៉ូតូ ខណៈដែលជិះម៉ូតូហុងដាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមិនមើលឆ្វេងស្ដាំ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ មានឈ្មោះ ស៊ាន រក្សា អាយុ17ឆ្នាំ មុខរបរលក់ដូរ និងឈ្មោះខេង ចន្ទ្រា អាយុ17 ឆ្នាំ មុខរបរសិស្ស ដោយអ្នកទាំង២មានទីលំនៅភូមិ អូ ក្អាម ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកC 125 ពណ៌ខ្មៅ លេខ កណ្តាល 1 l 6665 ខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា ចំណែកអ្នកបង្កហេតុ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុ បានជិះម៉ូតូរត់គេចខ្លួនភ្លាមៗ សល់តែនារីរងគ្រោះនៅ នឹងកន្លែង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ មិនស្គាល់ឈ្មោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៌ព្រីងទុំ អត់ស្លាកលេខ ដោយធ្វើដំណើរពីកើតមកលិច ខណៈនោះ ក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្ន ស្រាប់តែម៉ូតូជនរងគ្រោះមកដល់ ចាប់ហ្វ្រាំងមិនទាន់បុកគ្នាពេញទំហឹងតែម្ដង ។

ក្រោយមកបុរសជិះម៉ូតូបង្កហេតុ ដោយឃើញសភាពការណ៍មិនស្រួល ក៏លើកម៉ូតូរបស់ខ្លួនឡើងជិះគេចខ្លួនបាត់ស្រមោលភ្លាមៗផងដែរ ។

ក្រោយមក នារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ៕ យឹម សុថាន


ចែករំលែក៖