ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបន្ថយល្បឿនត្រូវរថយន្ដបើកមកពីក្រោយបុកបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់របួសធ្ងន់និងម្នាក់ទៀតរបួសស្រាល ខណៈជិះម៉ូតូបន្ថយល្បឿន ត្រូវរថយន្ដមួយគ្រឿងបើកស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់បានបុកពីក្រោយ បណ្ដាលឲ្យម៉ូតូជនរងគ្រោះដួលបោកទៅនឹងផ្លូវ កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ស្ថិតក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ តុន ជា ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសបាក់ជើង) ជាអ្នករួមដំណើរ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ ជឿន អៀង ភេទប្រុស អាយុ២៧ឆ្នាំ (រងរបួសស្រាល) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CF-0725 ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិវាលកណ្ដោល ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែករថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-8685 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូគ្នា២នាក់ លើកំណាត់ផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះជាអ្នកឌុបបានជាន់ហ្វ្រាំងបន្ថយល្បឿន ខណៈនោះក៏មានរថយន្តមួយគ្រឿង បើកមកពីក្រោយក្នុងទិសដៅស្របគ្នា ក៏ឈប់មិនទាន់បានមកពីក្រោយប៉ះជាមួយម៉ូតូជនរងគ្រោះ បណ្ដាលឲ្យម៉ូតូរងគ្រោះដួលឃ្ទាតទៅខាងមុខរថយន្ត រីឯជនរងគ្រោះដែលជាអ្នករួមដំណើរនោះ បានធ្លាក់មកជំហៀងរថយន្តខាងឆ្វេងចំពីមុខកង់នៃរថយន្ដ ធ្វើឲ្យរថយន្តកិនចំជើងខាងស្ដាំ បណ្ដាលឲ្យបាក់តែម្ដង រីឯជនរងគ្រោះជាអ្នកឌុបវិញទទួឡរងរបួសស្រាល ។ ដោយឡែកអ្នកបើកបររថយន្ត បានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖