ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកអ្នកថ្មើរជើងម្នាក់បណ្ដាលឲ្យរបួសធ្ងន់-ស្រាល៣នាក់នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជាអ្នកថ្មើរជើងម្នាក់ទទួលរងរបួសធ្ងន់ និងអ្នកជិះម៉ូតូ២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបុកអ្នកថ្មើរជើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះជាអ្នកថ្មើរជើងមានឈ្មោះ លាស់ ម៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋ ស្ថិតក្នុងភូមិខ្លាត្រាំឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកអ្នកជិះម៉ូតូឈ្មោះ កង ឆន ភេទប្រុ អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែរំង ឃុំទំនប់ធំ ស្រុកពញឮ ខេត្តកណ្តាល (រងរបួសស្រាល) ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AG- 6674 រួមដំណើរជាមួយឈ្មោះ ម៉ាញ ចាន្ធូ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិកោះចិន ស្រុកពញាឮ ខេត្ត កណ្តាល (របួសស្រាល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ជិះគ្នា២នាក់ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត លុះជិះមកដល់ចំណុចកើតហេតុ ក៏បានបុកបុរសថ្មើរជើងម្នាក់ ដែលធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូងពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកថ្មើរជើងខាងលើដួលបោកទៅនឹងផ្លូវទទួលរងរបួសធ្ងន់ រីឯអ្នកជិះម៉ូតូ២នាក់ទៀតទទួលរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖