ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំបុកជាមួយរថយន្ដរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ មនុស្សម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុករថយន្ដជិះច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ១១៥ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់មិនស្គាល់អត្ដសញ្ញាណ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FS-7705 អ្នករួមដំណើរជាមួយមិនស្គាល់អត្ដសញ្ញាណរងរបួសស្រាល ។ ចំណែកឯរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-4064 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនក្រោយពេលកើតហេតុ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា លើកំណាត់ផ្លូវលេខ១១៥ ក្នុងទិសដៅទិសដៅពីលិចទៅកើត លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះបានបានរេចង្កូតទៅឆ្វេងចូលក្នុងគន្លងផ្លូវខាងរថយន្ដដែលជិះច្រាស់ទិសគ្នា រួចក៏បុករថយន្ដចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទាំង២នាក់ទទួលរងរបួសធ្ងន់-ស្រាល រីឯអ្នកបើកបរថយន្ដបានទុករថយន្ដចោលនៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចចរាចរណ៍ធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការឲ្យដឹងរបស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្ដាលមកជនរងគ្រោះជាអ្នកជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ធ្វេសប្រហែស មិនប្រកាន់ស្ដាំ ធ្វើឲ្យរេចង្កូតចូលខាងគន្លងផ្លូវរបស់រថយន្ដដែលជិះច្រាស់ទិសគ្នា ទើបបណ្ដាលឲ្យបុកជាមួយរថយន្ដពេញមួយទំហឹងរងរបួសធ្ងន់-ស្រាលយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖