ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូម៉ាក ហុងដាវ៉េវ RSX បុកគោយន្តកន្រ្តៃដឹកឈើបញ្ច្រាសទិសរបួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសចំនួន ២នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរបង្អែកខេត្តពោធិ៍សាត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឌុបគ្នារេចង្កូតទៅបុកគោយន្តកន្រ្តៃដឹកឈើ ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូមលេខ ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩.២០ ស្ថិតក្នុងភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា នៅវេលាម៉ោង និងចំណុចកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក រវាងម៉ូតូម៉ាក ហុងដាវ៉េវ(RSX) ពណ៌ខ្មៅលាយទឹកមាស គ្មានស្លាកលេខ បើកបរដោយបុរសឈ្មោះ សា វ៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ(ធ្ងន់) មិនពាក់មួកសុវត្ថិភាព និងអ្នករួមដំណើរឈ្មោះ វ៉ុន មែល ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ(ធ្ងន់) មិនពាក់មួកសុវត្ថិភាព បច្ចុប្បន្ន ជនរងរបួសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រស់នៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ(កន្លែងកើតហេតុ) បានធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកគោយន្តកន្រ្តៃដឹកឈើ ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យដួលរងរបួសរដូករណេលពេញផ្លូវតែម្តង។

ប្រភពព័ត៌មានខាងលើបន្តថា អ្នកបើកបរគោយកន្រ្តៃដឹកឈើម៉ាក គូបូតា សេរីឆ្នាំ២០១៤ ពណ៌ក្រហមឈ្មោះ សឹុង សាន ភេទប្រុស អាយុ ៥៦ឆ្នាំ សញ្ជាតិខ្មែរ និងអ្នករួមដំណើរប្រពន្ធឈ្មោះ អ៊ួន វណ្ណា អាយុ ៤៧ឆ្នាំ ៣សញ្ញជាតិ(អ្នកទាំងពីគ្មានរងរបួស) បច្ចុប្បន្ន ប្តីប្រពន្ធភាគ្គីខាងគោយន្ត រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបន្តទៀតថា វត្ថុតាងទាំងម៉ូតូម៉ាកវ៉េវ (RSX) និងគោយន្តកន្រ្តៃដឹកឈើម៉ាក គូបូតា យកទៅរក្សាទុកជាបណ្ដោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក៕ បឹុម ពិន


ចែករំលែក៖