ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកគេចពីរទេះលក់ប្រហិតជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេក ខ្វះការប្រុងប្រយ័ត្នគេចពីរទេះលក់ប្រហិត រេចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ស្របទិសដៅគ្នាពីក្រោយដួលបោក និងថ្នល់រងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុចខារ៉ាអូខេនគរសំរិទ្ធិ តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីសូឃុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1T-7833 បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរទេះលក់ប្រហិតមកខាងឆ្វេងដៃ ជ្រុលចង្កូតបុម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្កុបពី ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1GV-8074 ជិះដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពេញទំហឹង បណ្តាលឲ្យដួលបោក នឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីករស្មីដឹកយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖