ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្បឿនលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះច្រាស់ទិសគ្នាបណ្ដាលឲ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿនខ្វះការប្រយ័ត្ន ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទិ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1U-7095 ជិះដោយឈ្មោះ ហែល តុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសស្រាល) រីឯភាគីម៉ូតូម្ខាងទៀតម៉ាកសង់ ធុនសេ១១០ ពណ៌ព្រីងទុំ គ្មានស្លាកលេខ ជិះដោយឈ្មោះ ហេង ឧត្ដម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល (រងរបួសធ្ងន់) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូបង្កម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ជិះតាមបណ្ដោយផ្លូវក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតជ្រុលទៅបុកម៉ូតូម៉ាកសង់ ធុនសេ១១០ ជិះដោយឈ្មោះ ហេង ឧត្ដម ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូសង់ ធុនសេ១១០ដួលបោកក្បាលទៅនិងផ្លូវរងបួសធ្ងន់ រីឯអ្នកជិះម៉ូតូបង្ករងរបួសស្រាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំពោះមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ចុះធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។

ក្រោយពីធ្វើការត្រួតពិនិត្យនិងវាសវែងរួច សមត្ថកិច្ចបានសន្និដ្ឋានថា ករណីគ្រោះថា្នក់ចរាចរណ៍ខាងលើ គឺបណ្ដាលមកពីម៉ូតូម៉ាកហុងឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ជិះដោយល្បឿនលឿន ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកម៉ូតូសង់ ធុនសេ១១០ ជិះដោយឈ្មោះ ហេង ឧត្ដម ពេញមួយទំហឹងរងរបួសធ្ងន់យ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖