ព័ត៌មានទាន់ហេតុការណ៍៖

ជួបហេតុភេទចម្លែក ជាថ្មី លើតារាសម្តែង ភីម៉ៃ គ្រាថត រឿង ឯណាខ្មោច?

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាថ្មី សម្រាប់ផលិតករ និងសិល្បករ ដែលចូលរួមសម្តែងភាពយន្តខ្នាតធំរឿង ឯណាខ្មោច? បន្ទាប់ពីពួកគេបានជួបហេតុភេទចម្លែកមួយ ក្នុងរូបថតមួយសន្លឹក ដែលថតជាប់ម្រាមដៃចម្លែកមួយលើតារាសម្តែងលោកភី ម៉ៃ ។ ទោះជាយ៉ាងណា ហេតុការណ៍ស្រដៀងគ្នានេះ មិនមែនជាលើកទី១ទេ ដែលហេតុភេទចម្លែកៗ បែបអបិយជំនឿ កើតមានចំពោះរូបលោកនោះ ។

រូបថតដែលធ្វើឲ្យក្រុមការងារផលិតរបស់លោក ចាន់ណា រ៉ូណាន មានការភ្ញាក់ផ្អើល បះរោមព្រឺសម្បុរ អ្នកខ្លះចង់ឈឺនោះ​គឺក្រោយពេលគេពិនិត្យឃើញរូបថតមួយសន្លឹក ដែលមានម្រាមដៃមនុស្សស្រីមានម្រាមតែបីលូកមកចាប់ស្មាតារាសម្តែង ភីម៉ៃ ។

លោក ភី ម៉ៃ បានបញ្ជាក់តាមទូរស័ព្ទពីខេត្តបាត់ដំបងថា រាល់ការថតភាពយន្តបែបរន្ធត់ឲ្យផលិតករខាងលើ គឺតែងតែជួបហេតុភេទចម្លែកៗជាច្រើន ដែលអបិយជំនឿថា មានព្រលឹងនៃកម្លាំងក្រៅខ្លួនណាមួយ មកតាម ដែលលោកថា មិនមែនជាការតាមរំខាននោះទេ ។

តារាសម្តែងកំពុងលេចធ្លោរូបនេះបញ្ជាក់ដែរថា គ្រាថតរឿង កំណត់ហេតុនាងនាថ នៅតំបន់សក្ការបូជារបស់អ្នកភូមិ គឺក៏មានការថតជាប់ស្រមមោលព្រលឹង អ្វីម្យ៉ាងដែលធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ ។ បន្ទាប់មកទៀតគឺគ្រាថតភាពយន្ត សរសរកន្លោង នៅខេត្តកំពតនោះក៏លេចចេញហេតុភេទចម្លែកគឺឧបករណ៍ចាក់ថាសឌីសបុរាណមួយ ដែលគេលែងប្រើសម្រាប់តាំងថតរឿងនោះ ស្រាប់វិលបន្លឺសំឡេងពិណពាទ្យបែបបុរាណ ធ្វើឲ្យក្រុមការងារបះសក់មិនតិចទេ ។

ហេតុការណ៍ចម្លែកថ្មីក្រោយថតរឿង ឯណាខ្មោច? នេះក៏ធ្វើឲ្យតារាសម្តែងក្នុងរឿងភ្ញាក់ផ្អើល និងព្រឺសម្បុរគ្រប់ៗគ្នាដែរ ក្រោយពីគេបានពិនិត្យឃើញរូបថតមួយសន្លឹក ដែលមានម្រាមដៃមនុស្សស្រីម្នាក់លូកមកចាប់ស្មាខាងឆ្វេងតារាសម្តែងរូបនេះ តារារូបនេះបញ្ជាក់ថា នេះមិនមែនដៃតារាសម្តែងប្រុសលោក ជីមី និងកញ្ញា សួង ស៊ីធឿនជាតួឯកនោះទេ ដែលក្រោយការពិនិត្យ និងសាកសួរទៅក្រុមការងារគឺកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើល ។

លោកបញ្ជាក់ថា រូបថតនោះគឺថតចាប់តាំងពីអំឡុងខែកញ្ញាឆ្នាំ២០១៨មកម៉្លេះ នៅផ្លូវ៥៥តំបន់ភ្នំ១៥០០នាស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានទេសភាពស្អាតប្លែកកម្រមានអ្នកធ្វើដំណើរកម្សាន្ត។ លោកថានេះមិនមែនជាការកាត់ទេ ហើយលោកក៏មិនមានបំណងបំផុសបំផុលឲ្យមហាជន ឬអ្នកគាំទ្រជឿលើកអបិយជំនឿណាមួយហួសហេតុនោះដែរ ប៉ុន្តែជាហេតុភេទចម្លែកកើតមានចំពោះរូបលោកក្រោយចេញថតរឿងបែបរន្ធត់ និងក្រោយពីលោកងាកមកកាត់សក់បែបសម័យបុរាណមក។

លោកភី ម៉ៃ បញ្ជាក់ដែរថា មុនចេញថតក្រុមការងារសុទ្ធតែបានរៀបចំពិធីសែនព្រេន ក្រុងពាលី តាមទំនៀមទម្លាប់ផងដែរ។ លោកថាពីមុនលោកហាក់មិនមានជំនឿខ្លាំងលើកម្លាំង ឬព្រលឹងក្រៅខ្លួនជ្រុលហួសហេតុនោះទេប៉ុន្តែក្រោយជួបរឿងបន្តបន្ទាប់លោកគិតថាមានអ្នកតាមជួយថែរក្សាលោកតែប៉ុណ្ណោះ។ ក្រៅពីហេតុភេទនេះលោកក៏ជួបនឹងរឿងរ៉ាវមួយផ្សេងទៀតគ្រាថតរឿងនេះត្រង់ឈុតជិះម៉ូតូធំដែលឈុតលោកបើកប៉ូតូកង់បីធំយ៉ាងលឿន ហៀបនឹងក្រឡប់ ប៉ុន្តែហាក់មានកម្លាំងអ្វីម្យ៉ាងជួយទាញ មិនឲ្យមានបញ្ហា ដល់រូបលោក និងតារាស្រីដែលជិះជាមួយ។ លោកបន្តថាមានឈុតឆាកគ្រោះថ្នាក់មួយចំនួនទៀតដែលលោកជួប ដែលហេតុការណ៍ខ្លះបានត្រឹមតែធ្វើឲ្យលោករហែកសម្លៀកបំពាក់ប៉ុណ្ណោះមិនធ្វើឲ្យរងរបួសនោះទេ ទើបលោកយល់ថាមានកម្លាំងអ្វីម្យ៉ាងតាមជួយថែរក្សាការពារលោក។

គួរបញ្ជាក់ដែរថាភាពយន្តរឿង ឯណាខ្មោច? ដែលគឺជាភាពយន្តបែបភ័យរន្ធត់ ដឹកនាំផលិតដោយលោក ចាន់ណា រ៉ូណាន បានរៀបចំពិធីក្រុងពាលី និងចេញថតចាប់តាំងពីអំឡុងខែសីហាឆ្នាំ២០១៨។ ភាពយន្តនេះមានចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជាលោកទ្រីតារាវុធកញ្ញាសួងស៊ីធឿនលោកភីម៉ៃកញ្ញាយេយេលោកសាតាន់លោកដូរីកូជាដើម ។ ភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩តទៅ ៕ វឌ្ឍនា


ចែករំលែក៖