ព័ត៌មានទាន់ហេតុការណ៍៖

ជែងក្នុងសភាពគ្រោះថ្នាក់បុកម៉ូតូស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលអោយស្លាប់បុរស០១នាក់ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃសៅរ៍ ០៩រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចមុខមន្ទីរពន្ធដារ ខេត្តកំពង់ធំ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ចាក់ថា រថយន្តម៉ាកស៊ីណា ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AT.3079 បើកបរដោយឈ្មោះ ឈាង អ៊ិន ភេទប្រុស​នៅខេត្តសៀមរាប (រត់គេចខ្លួន) ។

ចំណែកម៉ូតូម៉ាកហុងដា ឌ្រឹម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1F.2090 បើកបរដោយឈ្មោះ លឹម បូរា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព) ។

មូលហេតុបង្កឡើងដោយអ្នកបើកបររថយន្តបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានរេចង្កូតទៅបុកម៉ូតូដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយទិស ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖