ព័ត៌មានទាន់ហេតុការណ៍៖

ជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកជាមួយម៉ូតូស្របទិសគ្នារបួសធ្ងន់ស្រាល៣នាក់ស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូមួយគ្រឿងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់បុកជាមួយម៉ូតូស្របទិសគ្នា កាលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៤និង៣៥នាទីរសៀល នៅចំណុចលើផ្លូវជាតិ លេខ១ គីឡូម៉ែត្រលេខ១៣៥ លេខ១៣៦ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ភាគីម៉ូតូបង្កហេតុមានឈ្មោះ ជុត ភេទប្រុស អាយុ៥៩ ឆ្នាំមុខរបរ កសិករ មានទីលំនៅ ភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ណុប សៅ ភេទ ប្រុស អាយុ៤៨ ឆ្នាំមុខរបរ កសិករ ទីលំនៅភូមិគោកព្រីង ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាក ហុងដាឌ្រីម C125ស៊េរី២០០៥ ពណ៌ ខ្មៅ ស្លាកលេខ កណ្ដាល១K-៣០២៧ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះមាន ឈ្មោះ ងិន ឆវី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករារិនីរោងចក្រ មានទីលំនៅ ភូមិត្រពាំងអំពិល ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ ២០១០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AI-៨០២១។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម C125 ស៊េរី២០០៥ ពណ៌ ខ្មៅ ស្លាកលេខ កណ្ដាល ១K-៣០២៧ដោយធ្វើដំណើរពីកើតមកលិចហើយលិចហើយជែងក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយស្ត្រីម្នាក់ស្របទិសគ្នា ក៏បុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ឈប់មើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។

ក្រោយមកសមត្ថកិច្ចបានមកដល់បានយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុដោយសារតែអ្នកបើកបរម៉ូតូហុងដា ឌ្រីមស៊េរី ២០០៥ ជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ចំពោះមធ្យោបាយទាំង០២គ្រឿងត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបនិងកសាងសំណុំរឿងតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖