ព័ត៌មានទាន់ហេតុការណ៍៖

ជំនាញព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយកាប់លើគូទំនាស់៣ថ្ងៃមុន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន ២នាក់ ក្រោយពីបានកាប់ក្បាលគូទំនាស់របស់ខ្លួនកាលពី៣ថ្ងៃមុនបណ្ដាលឲ្យរងរបួសធ្ងន់។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៤៩នាទី ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកញ្ជើបាចដាច ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនឈ្មោះ ស ចាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកញ្ជើបាចដាច ឃុំវាល ស្រុកកណ្ដៀង(កន្លែងឃាត់ខ្លួន)។

លោក នាយការិយាល័យនគរបាលបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះបន្ទាប់ពីរូបគេ និងបក្ខពួកខ្លួនម្នាក់ទៀត(រត់គេច)បានធ្វើសកម្មភាពដោយប្រើប្រាសដាវសាម៉ូរ៉ៃជាអាវុធ កាប់លើគូទំនាស់់ឈ្មោះ ម៉ៅ សុខរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំក្បាលដល់លលា(ធ្ងន់)។

លោក បន្តទៀតថា ជនសង្ស័យបាននាំយកមកបន្តនីតិវិធីនៅការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់លើជនរងរបួស(ជាគូទំនាស់)ពិតប្រាកដមែន ចំណែកវត្ថុតាង(ដាវសាម៉ូរ៉ៃ)ក្រោយពីបានធ្វើសកម្មភាពរួចបានយកទៅបោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់។

លោក រំលឹកផងដែរថា៖ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង០០នាទី យប់ថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចសួនច្បារ(មុននាគារ) ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ នៅគ្រាដែលជនសង្ស័យ និងបក្ខពួកកំពុងអង្គុយលេងនៅក្រោមដើមចំបុី ហើយបានជេប្រមាថលើជនរងរបួស និងបក្ខពួកម្នាក់ទៀត ពេលនោះជនរងរបួស និងបក្ខពួកបានជិះម៉ូតូមកឈបនៅក្បែ ជនសង្ស័យក៍បានស្ទុះមកកាប់ទាំងកម្រោលបណ្ដាលឲ្យរបួសក្បាលធ្ងន់តែម្តង៕ ប៉ឹម ពិន


ចែករំលែក៖