ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈ្មោះប៉ោង ប្រើទូកបំពាក់ម៉ាស៊ីនខុសច្បាប់អូសយកលៀសមួយថ្ងៃមិនតិចជាង១០តោន សមត្ថកិច្ចអត់ដឹង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ធនធានចម្រុះមួយចំនួននៅក្រោមទន្លេ ត្រូវបានបំផ្លិចបំផ្លាញយ៉ាងចាស់ដៃ ដែលឈ្មួញបានប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់ ដើម្បីចាប់យកទៅលក់ ដោយមិនខ្វល់ពីការបាត់បង់នោះឡើយ ។

ប្រភពបានឲ្យដឹងថា ឈ្មួញម្នាក់ដែលមានឈ្មោះ ប៉ោង បានដាក់ទូកធំៗប្រមាណជា២ ទៅ៣គ្រឿង បំពាក់ដោយម៉ាស៊ីននៅលើទូកធំ របស់ខ្លួន សម្រាប់រាវលៀស នៅតាមដងទន្លេក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្នុងមួយថ្ងៃឈ្មួញរាវលៀសនេះ ប្រមូលបានលៀសពីបាតទន្លេ ប្រមាណជាង១០តោន សម្រាប់យកទៅលក់នៅទីផ្សារ ។ លៀសដែលរាវដោយម៉ាស៊ីននេះ មានទំហំតូចៗប៉ុនកូនដៃប៉ុណ្ណោះ ។ការបំផ្លាញធនធានជលបែបនេះ មិនត្រូវបានសមត្ថកិច្ចជំនាញ ឬ សមត្ថកិច្ចផ្សេងៗអើពើនោះដែរ ។

ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះប៉ោង ដែលរកស៊ីរាវលៀសដោយប្រើម៉ាស៊ីនមិនបានខ្លាចញញើតនឹងសមត្ថកិច្ចអីនោះទេ គឺមានតែពង្រីកសកម្មភាពរបស់គេបន្ថែមទៀត ដើម្បីប្រមូលយកលៀសបានច្រើន បើទោះបីធនធានទាំងនេះត្រូវបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ នៅតែសមត្ថកិច្ចមើលមិនឃើញ ។

ប្រភពបានឲ្យដឹងថា ឈ្មួញឈ្មោះប៉ោងនេះ កាលពីមុន ទូកដឹកលៀសរបស់គេចតនៅឆ្នុកទ្រូ ប៉ុន្តែមិនដឹងជាយ៉ាងដូចម្តេចបាន ក៍បានបង្វែទិសដៅ ទូកដឹកលៀសនេះ មកចតនៅកំពង់ផែថ្មី ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលស្ថិតនៅក្បែស្នាក់ការរបស់រដ្ឋបាលជលផលទៅវិញ ។ ក្នុងមួយថ្ងៃៗមានរថយន្តធុនធំចំនួន២គ្រឿងមកដឹកលៀសចេញពីកំពង់ផែថ្មីនេះ យកទៅលក់នៅភ្នំពេញដែលក្នុងមួយថ្ងៃៗ មិនក្រោម១០តោននោះទេ ។

ពាក់ព័ន្ធនឹងករណីនេះផងដែរ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា រាល់ការបំពាក់ម៉ាស៊ីនលើទូកហើយប្រើកញ្ច្រែងអូសលៀស ដោយម៉ាស៊ីនគឺជាឧបករណ៍មួយ ដែលល្មើសច្បាប់ជលផល ត្រង់មាត្រាទី២០ចំណុចទី១៤ ។ ប្រសិនបើជំនាញពិនិត្យឃើញជាក់ស្តែង នោះនឹងបង្រ្កាប ចាប់ដាក់ពិន័យអន្តរកាល ឲ្យបញ្ឈប់ធ្វើសកម្មភាពទាំងអស់នេះ ចំពោះឈ្មួញដែលបង់លុយលើក្បាលទូកទៅសមត្ថកិច្ចនោះ គឺលោកអត់ដឹងនោះទេ ៕ ចន្ថា


ចែករំលែក៖