ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញប្រើយុទ្ឋសាស្ត្រថ្មីមេព្រៃចង់វិលមុខបង្ខំចិត្តដកថយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មេព្រៃមួយក្រុម ដឹកនាំដោយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានបើកយុទ្ឋនាការ ចុះបង្ក្រាបការធ្វើសន្និធិឈើខុសច្បាប់ នៅចំណុចភូមិសន្លង់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ តែការចុះបង្ក្រាបនេះហាក់មិនទទួលបានជោគជ័យ១០០ភាគរយនោះទេ បន្ទាប់ពីមានប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាមករារាំងមិនឲ្យខាងមេព្រៃស្ទូចឈើដាក់លើរថយន្ត ។

ការមករារាំងនេះ ត្រូវបានបុរសម្នាក់ពាក់អាវឆ្នូតអះអាងប្រាប់អ្នកយកព័ត៌មានថា គឺពួកគាត់មកតាមការបញ្ជាប្រាប់ពីថៅកែ ដែលជាអ្នកទិញឈើពីពួកគាត់ គាត់ដឹងថា ការមករារាំងនេះ វាខុសច្បាប់មែនហើយ តែបើមកគាត់អាចខាតបង់លុយកាក់ច្រើន ។

បុរសរូបនោះមិនបានប្រាប់ឈ្មោះនោះទេ គ្រាន់តែប្រាប់ថា គាត់បានយកលុយពីថៅកែម្នាក់ឈ្មោះ ផាន់ រួចអស់ហើយ កាលណាមេព្រៃស្ទូចឈើយកទៅ ពួកគាត់ត្រូវសងលុយទៅឈ្មួញវិញគុណទ្វេដង ។ បុរសដដែលបន្តថា ពួកគាត់បានទទួលបញ្ជាតាមទូរស័ព្ទយ៉ាងដាច់ខាតពីឈ្មោះ ផាន់ ជាមន្ត្រីយោធាស័ក្តិ៥ត្រៀមឡើងផ្កាយ១មិនថា ធ្វើវិធីយ៉ាងណាក៏ដោយ ត្រូវរារាំងមេព្រៃកុំឲ្យស្ទូចឈើយកទៅឲ្យសោះ ។

បុរសដដែលបានបញ្ជាក់ទៀតថា ណាមួយខ្លាចឈ្មួញទារលុយវិញ ពួកគាត់ត្រូវបង្ខំចិត្តយកគល់ជញ្ជ្រាំងទៅដុតលើឈើដុលដើម្បីកុំឲ្យមេព្រៃស្ទូចបាន ។

លោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ដែលដឹកនាំកម្លាំងចុះបង្ក្រាបនេះបានប្រាប់ផងដែរថា ក្រោយទទួលសេចក្តីរាយការណ៍អំពីការដឹកជញ្ជូនឈើរបស់ប្រជាពលរដ្ខ ដែលលក់ឲ្យឈ្មួញនេះ លោកបានដឹកនាំកម្លាំងជំនាញដើម្បីចុះដកហូតទុកជាសម្បត្តិរដ្ឋ ។

លោកនាយផ្នែកបន្តថា ពេលកម្លាំងមកដល់ប្រជាពលរដ្ឋទាំងនេះ បានដឹកជញ្ជូនឈើទៅលាក់ទុកនៅតាមគុម្ពោតព្រៃក្រោយភូមិអស់ទៅហើយ ។ ទោះជាបែបនេះក្តី កម្លាំងរបស់លោកបានរុករករហូតប្រទះឃើញ និងបានស្ទូចដាក់លើរថយន្តយកមករក្សាទុកជាសម្បត្តិរដ្ឋ ។ ពេល ដែលកំពុងស្ទូចស្រាប់តែប្រជាពលរដ្ឋមួយក្រុមមករារាំងមិនព្រមឲ្យស្ទូចនោះទេមិនតែប៉ុណ្ណោះក្រុមប្រជាពលរដ្ឋទាំងនោះថែមទាំងបានយកភ្លើងមកដុតឈើហើយបម្រុងនឹងដុតឡានស្ទូចទៀតផង ។

លោកនាយផ្នែកបន្តថា ដោយឃើញសភាពការណ៍បែបនេះ លោកក៏សម្រេចចិត្តដកថយតែម្តង ខណៈឈើទើបតែស្ទូចបាន២ដុំប៉ុណ្ណោះនៅសល់ក្រៅពីនោះលោកមិនបានស្ទូចយកទេ ។

ការចុះបង្ក្រាបនេះ តាមពិតយើងបានដឹងរួចហើយថា សមត្ថកិច្ចអាចជួបប្រទះការលំបាកខ្លះ ហើយឈើទាំងនេះ ឈ្មួញបានប្រគល់លុយឲ្យប្រជាពលរដ្ឋរួចរាល់អស់ហើយ តែនៅពេល ដែលមានសមត្ថកិច្ចចុះមកបង្ក្រាបឈ្មួញតែងតែញុះញង់ដល់ពួកគាត់ឲ្យប្រឆាំងអីចឹងហើយ ។

មុនពេលដកថយកម្លាំងរបស់លោកស្ទូចឈើបាន០២ដុំដាក់លើរថយន្តហើយត្រឡប់មកកាន់អង្គភាពវិញដើម្បីធ្វើរបាយការដាក់ជូនថ្នាក់លើបានជ្រាបពីបញ្ហានេះ ។ ប្រតិបត្តិការនេះបើទោះមិនបានជោគជ័យ១០០ភាគរយក្តីក៏លោកមិនតូចចិត្តដែរហើយនៅតែបន្តបង្ក្រាបដូចភ្លៀងរលឹមជាបន្តទៀត ។

មន្ត្រីនគរបាល ស្រុកភ្នំស្រួច ដែលចូលរួមប្រតិបត្តិការនេះម្នាក់ៗបានលើកឡើងថា លោក យឹម សុផាន់ ធ្វើអ្វីក៏ខ្ពស់ដែរ និយាយមក សុទ្ឋតែនៅជាមួយថ្នាក់ដឹកនាំធំៗ ។ និយាយរួមគ្មានអ្នកណាហ៊ានប៉ះគាត់ទេនៅ ស្រុកភ្នំស្រួចនេះ ជាងនេះទៅទៀតកម្លាំងនគរបាល ក៏សូមសរសើមេព្រៃដែរ ដែលដឹងថា ជាឈើរបស់លោក ផាន់ ទិញហើយ នៅហ៊ានមកបង្ក្រាបទៀត ។

មានការលើកឡើងថា ករណីនេះ ទាល់តែម្ចាស់សាមីអង្គភាពរបស់ឈ្មួញឈើ ដែលជាមន្ត្រីយោធារូបនោះ ចាត់វិធានការរដ្ឋបាល ទើបអាចទប់ស្កាត់បាន ព្រោះបើតាមដឹងឈ្មួញឈើខាងលើមានមន្ត្រីយោធាថ្នាក់ផ្កាយ៣ម្នាក់ ជាខ្នងបង្អែក ដូច្នោះបើចង់ទប់ស្កាត់មិនឲ្យបទល្មើសព្រៃឈើកើតមានក្នុង ស្រុកភ្នំស្រួចទៀត ទាល់តែកុំឲ្យឈ្មួញខាងលើដើរទម្លាក់លុយដល់ពលរដ្ឋទៀត ។ ករណីនេះ មានតែខាងអធិការកិច្ចក្រសួងការពារជាតិទេ ទើបមានសិទ្ធិកោះហៅបុគ្គលនោះទៅសាកសួរ និងធ្វើកំណត់ហេតុបាន បើរំពឹងអ្នកក្នុងស្រុកឲ្យធ្វើការបង្ក្រាបហាក់គ្មានសង្ឃឹមឡើយ ។

មិនអាចសុំការបំភ្លឺពីលោក យឹម សុផាន់ ដែលប្រជាពលរដ្ឋអះអាងថា ជាអ្នកទិញឈើបានទេ នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ៕ សេនាស័ក្តិ


ចែករំលែក៖