ព័ត៌មានទាន់ហេតុការណ៍៖

ដាក់បទបញ្ជា៣ចំណុចបន្ទាប់ពីប្រកាសចូលកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ បន្ទាប់ពីប្រកាសតំណែងថ្មីៗ មិនទាន់រើរោងឲ្យម្ចាស់រួចរាល់ផង លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតថ្មីនេះ កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងនគរបាលរដ្ឋបាល នគរបាលការពារព្រំដែន អាវុធហត្ថ ប្រជាការពារភូមិ ព្រមទាំងយោធាយ៉ាងច្រើន ជាមួយរថយន្តដឹកទឹកជាច្រើនគ្រឿងបាញ់លាង និងបោសសម្អាតធូលី ដី និងសំរាមតាមដងផ្លូវជាតិលេខ៥ ក្នុងក្រុងមួយនេះ ។

ដើម្បីបញ្ចៀសការរិះគន់ពីគ្រប់មជ្ឈដ្ឋានដែលកើតមានពីពេលកន្លងមក និងកែលម្អសោភ័ណភាពក្រុងមួយនេះ លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ចធ្វើសណ្តាប់ធ្នាប់កែលម្អបរិស្ថាន និងស្ដារប្រព័ន្ធលូតាមដងផ្លូវជាតិលេខ៥ ។

ក្នុងនោះ លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងអធិការនគរបាលក្រុង និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារ ធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់នៅច្រកទ្វារអន្តរជាតិឲ្យកាន់តែមានភាពល្អប្រសើរ ដោយរដ្ឋបាលក្រុងនឹងចាប់ផ្តើមបើកយុទ្ធនាការ និងអនុវត្តចំនួនផែនការ៣សំខាន់ៗដូចខាងក្រោម៖

១- ក្រុមការងារបោសសំអាត លាងផ្លូវជាតិ ប្រមូលសំរាម និងរៀបចំសណ្តាប់ធ្នាប់ធ្នាប់តាមដងផ្លូវជាតិ ។

២-ក្រុមការងារស្ថាបនា និងជួសជុលផ្លូវជូនប្រជាពលរដ្ឋ ចំនួន៣ក្រុម ដោយអនុវត្តព្រមៗគ្នា ។

៣-ក្រុមការងារស្តារលូ និងធ្វើគម្របលូដែលខូចខាតបាក់ធ្លាក់បណ្តាលឲ្យស្ទះទឹក នៅរដូវវស្សា។

ដើម្បីឲ្យយុទ្ធនាការខាងលើទទួលបានជោគជ័យ និងមាននិរន្តរភាព លោកអភិបាលបានអំពាវនាវសុំកិច្ចសហការចូលរួមអវុត្តពីគ្រប់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដៃគូវិនិយោគ ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុង ដើម្បីកែលម្អលើកកម្ពស់កិត្យានុភាព កិត្តិយសជាតិ ស័ក្តិសមជាតំបន់ឆ្លងកាត់នៃភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ផងងដែរ ៕ វណ្ណា


ចែករំលែក៖