ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីសន្តិភាពកម្ពុជាបន្តបញ្ជូនកងកម្លាំងមួកខៀវ៧៣នាក់ចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនកម្លាំងមួកខៀវកងរាជអាវុធហត្ថចំនួន ៧៣នាក់កាលពីយប់ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីទៅប្តូរវេនកម្លាំងចាស់ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅសាធារណរដ្ឋស៊ូដង់ខាងត្បូងក្នុងបេសក កម្មរបស់អង្គការសហប្រជាជាតិ ។

ក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា នេះជាលើកទី៧ហើយដែល កម្ពុជាបញ្ជូនកម្លាំងមួកខៀវទៅបំពេញ បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ។

លោក សែម សុវណ្ណនី បានបន្តថា កង កម្លាំងទាំងនេះទៅបំពេញការងារផ្នែករក្សាសណ្តាប់ធ្នាប់ ត្រួតពិនិត្យ ចរាចរណ៍ ត្រួតពិនិត្យរាល់សម្ភាររបស់អង្គការសហប្រជាជាតិ និងកម្លាំងមួកខៀវមកពីបណ្តាប្រទេស ផ្សេងៗចេញចូលក្នុងបន្ទាយរបស់អង្គការសហប្រជាជាតិ ។

លោកបានបន្ថែមថា កម្លាំងមួកខៀវ អាវុធហត្ថកម្ពុជាដែលចេញទៅបំពេញ បេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូងនេះ បានបំពេញការងារចំនួន៦រដ្ឋក្នុងប្រទេសនេះមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក៏បាន បំពាក់សម្ភារថ្មីៗមួយចំនួនទៅដល់កម្លាំងទាំង៧៣នាក់រួមមានសម្លៀកបំពាក់អាវ ការពារគ្រាប់ វិទ្យុទាក់ទងនិងសម្ភារមួយ ចំនួនទៀតដែលចាំបាច់សម្រាប់ការងារ បំពេញបេសកកម្ម ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះអង្គការសហប្រជាជាតិតម្រូវឱ្យកម្ពុជាបំពាក់សម្ភារសុវត្ថិភាពបន្ថែមដល់កម្លាំងមួកខៀវ មុនចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ។

ជាមួយគ្នានោះលោក សែម សុវណ្ណនី បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់គោរពបទបញ្ជាឱ្យបាន ខ្ជាប់ខ្ជួនចេះស្រលាញ់ និងជួយមើលថែទាំ គ្នា កុំប្រព្រឹត្តអ្វីដែលឆ្គាំឆ្គងនាំឱ្យអាប់ឱន កិត្តិយសជាតិរបស់យើង ជាពិសេសត្រូវ មានសាមគ្គីភាពជាមួយកម្លាំងរក្សាសន្តិភាព មកពីបណ្តាប្រទេសនានានៅទីនោះឱ្យ បានល្អ។ លើសពីនេះត្រូវចងចាំប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោបានផ្តាំគឺត្រូវ ប្រកាន់ខ្ជាប់ថា កងទ័ពកម្ពុជាមិនមែនជា កងទ័ពព្រានព្រៃទេ ជាកងទ័ពដែលចូលរួម រកសុខសន្តិភាពជូនប្រទេសស៊ូដង់ខាងត្បូងនៅឱ្យគេស្រលាញ់ត្រឡប់មកវិញឱ្យគេ មានការនឹករលឹកដូចកងកម្លាំងមុនៗបាន បំពេញរួចមកហើយរក្សាឱ្យបានប្រពៃណីជាកងទ័ពស្អាតស្អំរបស់កម្ពុជាទៅគ្រប់មកគ្រប់ ៕ ហេង សូរិយា


ចែករំលែក៖